ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។
នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនទៅ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា យោងស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ។
យោងស្មារតីកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យ និងវាយតម្លៃលើករណីនេះស្នើសុំ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដូចខាងក្រោម៖ ១-ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួង បរិស្ថាន។
២-ស្នើសុំតែងតាំង លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បីដឹកនាំការងារបណ្តោះអាសន្ននៅមន្ទីរ។
៣-សូមគោរពស្នើសុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមន្ត្រីមួយរូបដែលមានសមត្ថភាព មានការទទួលខុសត្រូវ និងមានទំនាក់ទំនងការងារល្អ ដើម្បីតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
គួររំលឹកថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំងចម្រុះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យការទន្ទ្រានយកដីរដ្ឋក្នុងទំហំធំមហាសាលលាតសន្ធឹងលើដែនជម្រកសត្វព្រៃភ្នំណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
នៅក្នុងកិច្ចប្រជុំជាមួយកម្លាំងជំនាញពាក់ព័ន្ធនៅសាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាម៉ឺងមាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ខេត្ត និងថ្នាក់ក្រសួងស្ថាប័នរៀងៗខ្លួន ត្រូវស្រាវជ្រាវវែកមុខរកមេខ្លោង មេខ្យល់ ដែលបំផុសឲ្យមានការកាប់ទន្ទ្រានយកដីរដ្ឋក្នុងទ្រង់ទ្រាយច្រើនបែបនេះ ហើយប្រសិនរកឃើញថាមានមន្ត្រីរាជការ ឬកងកម្លាំង មានការពាក់ព័ន្ធ ត្រូវមានវិធានផ្លូវច្បាប់ ទោះបីមន្ត្រីរបស់ខេត្តមណ្ឌលគិរី ឬមន្ត្រីនៅរាជធានីភ្នំពេញក៏ដោយ ។
ការស្នើសុំសម្រួលភារកិច្ចប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋាននានាយល់ឃើញថា ទំនងលោកប្រធានមន្ទីរមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃណាមលៀរនេះហើយ ៕
You must be logged in to post a comment.