Wed. Jun 10th, 2026

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជា១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។

ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាជំនួបលើកទី១២ហើយ និងខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបដោយផ្ទាល់។ ការចុះជួបសំណេះសំណាលនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។

ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹង ខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម(មានបន្ទាត់ព្រំដែនប្រវែង ៣១,៣២គីឡូម៉ែត្រ)។ ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ កម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។

ខេត្តកណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ។

ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិមានចំនួន២ (ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ), ច្រកតំបន់ព្រំដែនមានចំនួន ២ (ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា, ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ)។

ខេត្តកណ្តាល មានជាប់គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ក្នុងនោះ ៖ កំណាត់ទី១៖ មានប្រវែង ២១គ.ម ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែកពោធិ៍នៃទន្លេ បាសាក់ ឆ្លងកាត់ស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ កំណាត់ទី២៖ មានប្រវែងសរុប ១៥១,៦ គ.ម ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ចូលតាម ព្រែកតា ហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួម មាន ៖ ខេត្ត កណ្តាល (៣៣ គ.ម) ក្នុងនោះ ផ្លូវទឹកឆ្លងកាត់ទន្លេបាសាក់ប្រវែង ២៩ គ.ម, ខេត្តតាកែវ (៥៣ គ.ម), ខេត្តកំពត (៤៨,៧គ.ម) និងខេត្តកែប (១៦,៩គ.ម)(កំពុងដំណើរការសាងសង់)។

ខេត្តកណ្តាលទទួលបានគម្រោងអនុម័តដោយ CDC សរុបចំនួន ២៣៣គម្រោង ទំហំទុនវិនិយោគ ២ ៩៥២,៩៣ លានដុល្លារអាមេរិក និងទទួលគម្រោងអនុម័តដោយអនុគណៈកម្មការវិនិយោគខេត្ត ចំនួន ៩០ គម្រោង ទំហំទុនវិនិយោគ ២៩៥,៥៤ លានដុល្លារអាមេរិក បង្កើតឱកាសការងារបាន ៣៩ ៤០៧ កន្លែង ។

បច្ចុប្បន្ន រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងខេត្ត សរុបមាន ២ ១០៩ មូលដ្ឋាន ក្នុងនោះវិនិយោគិនបរទេសមាន ៦៦២ មូលដ្ឋាន ដែលផ្តល់ការងារជូនកម្មករ និយោជិតចំនួន ២៥១ ១០៧ នាក់ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្ត សម្រេចបាន ៤ ២៥៩ លាន ដុល្លារអាមេរិក ក្នុងនោះ វិស័យឧស្សាហកម្ម ៤៥% កសិកម្ម ២៩% និងសេវាកម្ម ២៦% ដែលសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៦,៣% ក្នុងមួយឆ្នាំ៕

You missed

error: Content is protected !!