Tue. Jun 9th, 2026

ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ដែលបន្តចោទប្រកាន់កម្ពុជាថា ចង់បង្កសង្គ្រាម ខណៈជំហររបស់កម្ពុជា គឺប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានឹងថៃ។

ឯកឧត្តម ទៀ សីហា បានថ្លែងថា មួយរយៈនេះ ឯកឧត្តមបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ»។

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់អំពីចំណុចខាងលើថា កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់»។

ប្រមុខការពារជាតិកម្ពុជា សង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕

You missed

error: Content is protected !!