Tue. Dec 3rd, 2024

នាព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល បុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ឯកឧត្តម Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន  (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project) មានទឹកប្រាក់ចំនួន ២១ ១០៤ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ១៤១ លានដុល្លារអាម៉េរិក (តាមអត្រា បានកំណត់ក្នុងឯកសារកិច្ចព្រមព្រៀង)។

គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ គឺជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយ ក្នុងចំណោមគម្រោងអាទិភាពនានា ហើយក៏ ជាគម្រោងលើកដំបូងផងដែរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងសុខាភិបាល និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) ក្នុងការសិក្សាសមិទ្ធិលទ្ធភាពក្នុង គោលបំណងលើកកម្ពស់លទ្ធភាពទទួលបានសេវាព្យាបាលកម្រិតខ្ពស់នៅជនបទនៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយគម្លាតក្នុងការផ្តល់សេវាសុខាភិបាលរវាង រាជធានី និងខេត្ត ព្រមទាំងលើកកម្ពស់សុខភាពប្រជាជនតាមជនបទ ដែលជាការរួមចំណែកដល់ការសម្រេចបាននូវគោលដៅទី ៣ សុខភាព និងសុខុមាលភាពមាំមួនសម្រាប់ប្រជាជនគ្រប់រូប នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goal 3)។

  មន្ទីរពេទ្យបង្អែកខេត្ត/ក្រុង ចំនួន ៧ រួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ត្រូវបានជ្រើសយកមកពិនិត្យដើម្បីសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអភិវឌ្ឍនៅដំណាក់កាលទី ១។ ជាលទ្ធផល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងខេត្តកំពង់ចាម ត្រូវបានសម្រេចយកមកសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអភិវឌ្ឍឱ្យទៅជាមន្ទីរពេទ្យតំបន់ នៅក្នុងដំណាក់កាលទី១ នេះ។ ជារួម គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាម មានវិសាលភាព ដូចជា ៖ 

•  ខេត្តកំពង់ចាម៖ សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ និងមានគ្រែសរុប ៦០៨។

•  ខេត្តសៀមរាប៖ សាងសង់អគារមន្ទីរពេទ្យចំនួន ២ អគារថ្មី ដែលមានកម្ពស់ ៨ ជាន់ ចំនួន ១ និងកម្ពស់ ៥ ជាន់ ចំនួន ១  និងមានគ្រែសរុប ៦៩៧។

•  ការបំពាក់សម្ភារបរិក្ខារពេទ្យ (Medical Equipment) សម្រាប់មន្ទីរពេទ្យទាំងពីរខេត្ត និងបញ្ចូលការងារបែងចែកឱសថ និងការផ្គត់ផ្គង់សម្ភារឧបករណ៍វេជ្ជសាស្ត្រ (Drug dispensing and medical equipment/supply modules) ទៅក្នុងប្រព័ន្ធព័ត៌មានមន្ទីរពេទ្យ និងការគ្រប់គ្រងអ្នកជម្ងឺ  (Hospital Information and Patient Management System)។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ និងគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ដែលតែងតែបានផ្តល់នូវកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ ជាពិសេស តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលបានឆ្លើយតបចំទិសដៅលើ កម្មវិធី ១ ក្នុងចំណោម កម្មវិធីទាំង ៦ នៃកម្មវិធីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងជាពិសេស បានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ មុំទី៣ នៃបញ្ចកោណទី ១ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

You missed