
សម្តេច ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំចិន, UN និងម៉ាឡេស៊ី ថាចាំបាច់ត្រូវមានភាគីទីបីតាមដាន ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែតទៅកាន់ប្រទេសចិន កាលពីថ្ងៃទី៣០ សីហា ដល់ថ្ងៃទី១កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកពីករណីនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃ បានពង្រាយបន្លាលួស និងបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែង ប្រាប់ទៅប្រធានាធិបតីចិន ស៊ី ជិនភីង, លោក វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន, លោក អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ខែកញ្ញានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល នៅក្នុងជំនួបបណ្តាមេដឹកនាំខាងលើ សម្តេចនាយក រដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវបទឈប់បាញ់ តាមរយៈវត្តមានចាំបាច់នៃយន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណ្តេញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំ ចេញពីតំបន់ដែលបាន និងកំពុងរស់នៅជាយូរលង់មកហើយ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា យន្តការតាមដានរបស់ភាគីទីបី ក៏ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសាជាថ្មី និងការប្រឈមមុខដាក់គ្នា ប្រកបដោយគ្រោះថ្នាក់។



You must be logged in to post a comment.