
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តមានជនភៀសសឹកបន្តតាមដាន និងចុះពិនិត្យជាប់ជាប្រចាំចំពោះបងប្អូនភៀសសឹកត្រឡប់ទៅលំនៅដ្ឋាន
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពិនិត្យឃើញថា ក្នុងចំណោមបងប្អូនជនភៀសសឹកដែលធ្លាប់ស្នាក់នៅមណ្ឌលសុវត្ថិភាព មានមួយចំនួនបានត្រឡប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីស្ថានភាពព្រំដែនមានសភាពស្ងប់ស្ងាត់ ដើម្បីបានរៀបចំជីវភាព និងអាជីវកម្មឡើងវិញជាប្រក្រតី។
ផ្អែកតាមស្ថានភាពនៃការត្រឡប់ទៅលំនៅដ្ឋានរបស់បងប្អូនជនភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្តត្រូវចុះតាមដាន និងពិនិត្យជាប់ជាប្រចាំពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងករណីមានការស្នើសុំជំនួយណាមួយត្រូវយកចិត្តទុកដាក់ឆ្លើយតបឱ្យបានទាន់ពេលវេលា។
ដោយឡែកចំពោះបងប្អូនភៀសសឹកបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមឱ្យអាជ្ញាធរខេត្ត និងមន្រ្តីជំនាញចូលរួមផ្តល់ការហូបចុក និងការស្នាក់នៅឱ្យបានប្រសើរ ទាំងការផ្គត់ផ្គង់ស្បៀងបបម្រុងរបស់រាជរដ្ឋភិបាល និងសម្ភារៈប្រើប្រាស់។ ក្នុងនោះ សូមស្នើដល់ក្រុមគ្រូពេទ្យប្រចាំការទាំងអស់នៅមណ្ឌលសុវត្ថិភាពបន្តសកម្មភាពលើកកម្ពស់សុខុមាលភាព តាមរយៈការពិគ្រោះ ពិនិត្យ និងសង្គ្រោះឱ្យបានទាន់ពេលវេលាជូនបងប្អូនភៀសសឹក ពិសេសស្រ្តី និងកុមារ។
យោងតាមរបាយការណ៍ គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ មានជនភៀសសឹកក្នុងខេត្តចំនួន៤ សរុបចំនួន ៦,២៦២គ្រួសារ ស្មើនឹងចំនួន ២០,៦៩១នាក់ និងមានជនភៀសសឹកត្រឡប់ទៅលំនៅដ្ឋានវិញ ចំនួន ៥៩៥គ្រួសារ៕













You must be logged in to post a comment.