សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះ
បានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញខណៈឃ្លាំងដ៏ធំមួយនេះបានស្តុកសាច់បង្កករាប់រយតោន ដោយសង្ស័យថាបាននាំចូលពីប្រទេសថៃ។
យោងតាមព័ត៌មានបឋមនៃក្រុមប្រតិបត្តិការចុះឆែកឆេរ បានឲ្យដឹងថា ឃ្លាំងខាងលើនេះត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិមាណច្រើនរហូតដល់រាប់រយតោនក្នុងមួយថ្ងៃ ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ សម្រាប់រក្សាទុកទំនិញរបស់ខ្លួន ត្រូវបានគេសង្ស័យថានាំចូលពីប្រទេសថៃមុនយកមករក្សាទុកនៅក្នុងឃ្លាំងត្រជាក់ ហើយបន្តចែកចាយទៅកាន់ទីផ្សារនានាក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតជាដើម។
ក្រោយចុះប្រតិបត្តិការឆែកឆេរ រហូតមកដល់រសៀលថ្ងៃដដែលនេះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកដែលស្តុកទុកនៅក្នុងឃ្លាំងខាងលើ ពិតជាត្រូវបាននាំចូលពីប្រទេសថៃ ឬពីប្រភពណានោះទេ។ ជាមួយគ្នានេះក៏មិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនោះមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរ ខណៈការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារកំពុងបន្តធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ច៕








You must be logged in to post a comment.