ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ «វ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុចខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ចំណុចខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ៕









You must be logged in to post a comment.