Thu. Dec 26th, 2024

  (កំពង់ធំ)៖ ឯកឧត្តម ឃឹង នុភាព តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ឯកឧត្តម ឃួន សុវណ្ណ ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ មានព្រះសង្ឃ កងកម្លាំងទាំងបី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវានៃការចងចាំ នៅបរិវេណវត្តសាមគ្គីមុន្នីរតនារាម(ហៅវត្តទំនប់) ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤។

    ឯកឧត្តម ឃឹង នុភាព បានលើកឡើងថាទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនិងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើងដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នង ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។

      ឯកឧត្តមតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតផ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី  លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម-ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។ល។

ជាងនេះគោលនយោបាយនៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩  បានបង្ករជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៍ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

  ឯកឧត្តម ឃឹង នុភាព បានរំលឹកឡើងទៀតថាយើងចងចាំរបបខ្មែរក្រហមមិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។

     ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានស្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺ ចូលរួមថែរក្សា និងការពារសុខសន្តិភាពឱ្យបានគង់វង្ស កុំឲ្យកើតឡើងមានបន្តទៀត មានសុខសន្តិភាព គឺធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់លំដាប់ ជាមូលដ្ឋានគ្រឹះ សុខដុមរមនា រួមសុខរួមទុក្ខជាមួយប្រជាជនទូទាំងប្រទេសជាតិកម្ពុជាទាំងមូល។ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិនៃការចងចាំនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ បានដឹង ជាព្រឹត្តិការណ៍ធ្វើឡើងជារៀងរាល់ឆ្នាំ ចាត់ទុកជាប្រវត្តិសាស្ត្រ រក្សាទុកឲ្យក្មេងជំនាន់ក្រោយ បានស្គាល់ពីប្រវត្តិសាស្រ្តដ៏លំបាកដែលប្រទេសកម្ពុជាជួបនឹងសង្គ្រាម។ អត្ថបទ ធូ កែវមុន្នី

You missed