
ធនាគារពិភពលោកផ្តល់ជំនួយ ១០០លានដុល្លារ សម្រាប់កែលម្អការអប់រំសម្រាប់កុមារតូចនៅកម្ពុជា
ភ្នំពេញ៖ កុមារកម្ពុជាជាង១.៧លាននាក់ ត្រូវបានកំណត់ថា នឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំ នៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោក បានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន នៅប្រទេសកម្ពុជានៅថ្ងៃនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃ ការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មាន ប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើ មូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។
សកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានា បានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការ បន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិត មូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការ ចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។
លោកស្រី តានញ៉ា ម៉េយ័រ (Tania Meyer) ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «កំណើនវែងឆ្ងាយទៅមុខរបស់កម្ពុជា អាស្រ័យលើភាពរឹងមាំនៃមូលធនមនុស្សរបស់ ប្រទេសនេះ។ គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅ
សម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការ ជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជា សម្រាប់ការងារនាពេលខាងមុខ»។
គម្រោងនេះនឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សា ថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។ បន្ថែម លើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ដល់៥ឆ្នាំជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពី ការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មត្តេយ្យសិក្សា។ ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូង នៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០ នាក់ និងផ្តល់ការ បង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។ លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយ ឡែកពីគ្នា ផងដែរ៕






You must be logged in to post a comment.