Sat. Jul 19th, 2025

ស្វាយរៀង៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្វាយរៀងបានចុះធ្វើការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam ចំនួន ០២ទីតាំងទី១ នៅសណ្ឋាគារ៤រដូវ និងទីតាំងទី២ អគារម៉ារីណា ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

នៅក្នុងប្រតិបត្តិការនោះ បានរកឃើញជនបរទេសកំពុងរស់នៅសរុបជិត២០០នាក់ ក្នុងនោះជនជាតិចិនមានចំនួន៩០នាក់ ស្រ្តី២៧នាក់, ជនជាតិវៀតណាម ៣៥នាក់ ស្រ្តី៤២នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់ ស្ត្រី១៣នាក់, ឡាវចំនួន០១នាក់ស្ត្រី។

ក្នុងការចុះបង្ក្រាបទាំង០២ទីតាំងនេះ សមត្ថកិច្ចបានដាក់ការសង្ស័យការជាប់ពាក់ព័ន្ធនឹងការលបលួចប្រព្រឹត្តបទល្មើស Online Scams ខណៈបានរកឃើញថាមានការលួចលាក់កែច្នៃ ជួញដូរ ប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ដែលជាអំពើខុសច្បាប់។ វត្ថុតាង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕