ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ដាំ ក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសដែល ឯកឧត្តម ឌិត ទីណា បានអនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ដាំ ក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ»។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា ក្រសួងកសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដោយមានផែនការ ផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ ហើយសហព័ន្ធដំឡូងមីកម្ពុជា ត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕
You must be logged in to post a comment.