កំពង់ធំ៖ កម្លាំងចម្រុះដឹកនាំដោយគណបញ្ជាការឯកភាពស្រុក ចុះធ្វើការឃាត់ខ្លួនតៃកុងម្នាក់ និងត្រាក់ទ័រមួយគ្រឿង ក្រោយធ្វើសកម្មភាពឈូសឆាយដីតំបន់៣ ដែលជាកន្លែងហាមឃាត់។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បើ យោងតាមរបាយការណ៍របស់ទីបញ្ជាការស្រាលស្រុកតាំងគោកឈរជើងនៅកោះរះគោរពរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តកំពង់ធំ។
ស្ដីពីសកម្មភាពក្រុមការងារចុះល្បាតកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ ត្រង់ចំណុចតាចេកដែលមាននិយាមការ(48p4875571359114) ក្នុងភូមិសាស្ត្រឃុំស្រឡៅបានប្រទះឃើញត្រាក់ទ័រចំនួនមួយគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយនិងភ្ជួរដីក្នុងតំបន់ ៣(ក្រៅតំបន់កាត់ជ្វាល)សកម្មភាពជនល្មើសធ្វើបានរួមមានភ្ជួរដីបានទំហំ៩ ហិកតានិង៣អា និងបុកផ្ដួលដើមខ្ទមចំនួន៤៥ដើម ។

កម្លាំងចម្រុះទីបញ្ជាការស្រាលស្រុកតាំងគោក បានឃាត់ខ្លួនទាំងមនុស្សនិងវត្ថុតាងបញ្ជូនទៅឲ្យលោក កែវ សុខឃឿន មន្ត្រីជលផលស្រុកបារាយណ៍ប្រចាំការស្រុកតាំងគោកចាត់ការបន្ត។
ប្រភពបានបន្តថា ក្រោយពីកម្លាំងចម្រុះ របស់ទីបញ្ជាការស្រាលឃាត់ខ្លួននិងបញ្ជូនទៅជំនាញជលផលចាត់ការបន្តហើយស្រាប់តែមានប្រភពព័ត៌មានពីមន្ត្រីនៅសាលាស្រុកតាំងគោក ក៏ដូចជាប្រជាពលរដ្ឋមូលដ្ឋានបានប្រាប់មកអ្នកសារព័ត៌មានយើងថាជាដីរបស់លោក សន តាល អធិការស្រុកតាំងគោក តែម្ដង។

ដោយប្រជាពលរដ្ឋបាននិយាយតៗគ្នាថាបើសិនអ្នកគ្មានបុណ្យស័កអំណាចទេនោះមិនអាចហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយដីក្រៅតំបន់កាត់ឈ្វាលបានទេហើយបានរិះគន់ចំៗពេញៗមាត់ថាលោកសន តាល អធិការស្រុកតាំងគោក ពិតជាថ្លើមធំមែនហ៊ានបំពាននិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលកំពុងតែមានចំណាត់ការយ៉ាងក្ដៅគគុកទូទាំងប្រទេសប៉ុន្តែលោក សន តាល បែរជាហ៊ានបញ្ជាឲ្យគេយកគ្រឿងចក្រទៅភ្ជួរដីខ្លួនដែលជាតំបន់ហាមឃាត់ទៅវិញ។
ជុំវិញការលើកឡើងខាងលើនេះកាលពីវេលាម៉ោង ៦និង ៣៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទូរស័ទ្ទសុំការបកស្រាយបំភ្លឺពីលោក សន ណាល់ អធិការនគរបាលស្រុកតាំងគោក តេចូល ចំនួន២ដង ប៉ុន្តែមិនមានអ្នកទទួល។

ករណីនេះប្រជាពលរដ្ឋបានស្នើសុំដល់ប្រធានគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំបើកការស៊ើបអង្កេតវែករកមុខជនខិលខូចមកផ្ដន្ទាទោសតាមផ្លូវច្បាប់ដើម្បីកុំឲ្យជនដទៃទៀតដែលមានលុយមានអំណាចធ្វើសកម្មភាពរំលោភបំពានយកដីរដ្ឋបែបអាណាធិបតេយ្យយ៉ាងដូច្នេះ។ រូបភាព អត្ថបទដោយ: លោក ចាន់ វាសនា



You must be logged in to post a comment.