Thu. Dec 26th, 2024

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលបលួចធ្វើសកម្មភាព កាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអង់តែន ដែលជាព្រៃរក្សាទុករបស់រដ្ឋ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ ហើយសកម្មភាពនេះកន្លងទៅតែងលបលួចធ្វើនៅពេលយប់ និងក្នុងពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើ ជាប់រវល់ភារកិច្ច និងឈប់សម្រាកពេលបុណ្យទាន  ។ ហើយមានពេលខ្លះនៅពេលដែលកម្លាំងរដ្ឋបាលព្រៃឈើធ្វើសកម្មភាពហាមឃាត់ ឬបង្ក្រាបត្រូវក្រុមជនល្មើសមួយចំនួនមានការគំរាមកំហែងដល់សមត្ថកិច្ចជំនាញថែមទៀតផង។

ឧត្តមសេនីយ៍ទោ សោមស៊ុន ក្នុងនាមអនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ និងបានផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋារាជរដ្ឋាភិបាល បទបញ្ជារបស់ឯកឧត្ដមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងផែនការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងបានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងទាំងអស់ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យកើតមានឡើងជាថ្មី ។ ដោយឡែកចំពោះដីព្រៃរបស់រដ្ឋ ដែលមានការកាប់ទន្ទ្រានកន្លងមក ត្រូវសហការគ្នាឲ្យបានហ្មត់ចត់ជាមួយស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យមួយចំនួន ប្រគល់ជូនដល់កងកម្លាំងចម្រុះសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងសម្រាប់ព្យាបាលជំងឺបឋម ក្នុងពេលប្រតិបត្តិការ ដើម្បីបន្តធ្វើសកម្មភាព បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀត ។

You missed