Sat. Oct 12th, 2024

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌឬស្សីកែវ-ខណ្ឌជ្រោយចចង្វា និងក្រុមហ៊ុន OCIC កាលពីព្រឹកថ្ងៃទី២៣ ខែមករា បាននិមន្តព្រះសង្ឃចំនួន៤អង្គ និងតាអាចារ្យ២នាក់ ។មករៀបចំសែនព្រេន សូត្រមន្ត បោះព្រំស្ពានខ្សែកាបឬស្សីកែវ ដើម្បីសុំសេចក្តីសុខ បញ្ជៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយ និងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤។ កម្មវិធីធ្វើនៅក្រោមស្ពានអាកាស់ឬស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាកន្លែង ជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ ស្លាប់៤នាក់ និងរបួសធ្ងន់៣នាក់។

ការសែនព្រេន ដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី និងទេវតាថែរក្សាទឹកដី មានជ្រូកខ្វៃ និងភេសជ្ជៈតាមបែបជំនឿ ពុទ្ធសាសនា ដើម្បីសេចក្តីសុខ បញ្ចៀសគ្រោះថ្នាក់គ្រប់ប្រការ សូមកុំឱ្យកើតមានតទៅទៀត។

បន្ទាប់ពីសូត្រមន្តរួចព្រះសង្ឃ និងតាអាចារ្យក៏បានសូត្រមន្ត ដើរប្រោះព្រំតាមដងផ្លូវក្រោមស្ពាន និងលើស្ពានខ្សែកាបជុំវិញកន្លែងកើតហេតុនាពេលកន្លងទៅ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែមករាឆ្នាំ២០២៤ មានរថយន្តម៉ាក Ford Ranger ផ្លាកលេខភ្នំពេញ 2AZ-5854 បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីគយតំបន់៣ មានអាសយដ្ឋាន ផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ បានបុករុញពីក្រោយរថយន្ត និងម៉ូតូកំពុង ឈប់ចាំភ្លើងស្តុបពេញទំហឹង បណ្តាលឱ្យមនុស្ស៤នាក់បាននៅនឹងកន្លែងកើតហេតុ និងមនុស្ស៣នាក់ទៀតបានរករបួសធ្ងន់។

រថយន្តពីរគ្រឿងស្ទើរខូចខាតទាំងស្រុង រីឯម៉ូតូ៤ គ្រឿងទៀតបានបាក់ខូចខាតខ្ទេចស្ទើទាំងស្រុងផងដែរ។ នៅក្នុងគ្រោះថ្នាក់នេះ ដោយសារអ្នកបើកបរ ស្ថិតនៅក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាកុល០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ។ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

You missed