
សង្ស័យ មិនរួចខ្លួនទេ ពេលនេះ ក្រសួងមហាផ្ទៃប្រកាស ស្វែងរកការពិត ករណីប៉ូលិសស្រុកបាទីសាមគ្គីគ្នាប្តឹងលោកអធិការ ឆាយ កែវមុន្នី
ភ្នំពេញ៖ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រទី០៦កុម្ភៈនេះ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកឲ្យដឹងថា ករណី ប៉ូលិសស្រុកបាទីសាមគ្គីគ្នាប្តឹងលោកអធិការ ឆាយ កែវមុន្នី ជុំវិញការប្រព្រឹត្តិអំពើពុករលួយ ពេលនេះ ក្រសួងមហាផ្ទៃបានទទួលដំណឹងនេះហើយ។គ្រាន់តែថា នេះជាដំណឹងជំហានដំបូង ដូច្នេះក្នុងក្របខ័ណ្ឌក្រសួង និងធ្វើការត្រួតពិនិត្យ ដើម្បីស្វែងការពិត ដោយមិនទាន់អាចធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យករណីខាងលើភ្លាមៗនោះទេ។
ជាមួយគ្នានេះ លោក ទូច សុខៈ លើកទឹកចិត្តដល់មន្រ្តីនគរបាលទាំង៦៧រូបនោះ មកធ្វើការដាក់ពាក្យបណ្ដឹងជាផ្លូវការ ចូលមកកាន់ក្រសួងមហាផ្ទៃ ដើម្បីជាទឡ្ហីករណ៍បន្ថែមទៀតក្នុងការអង្កេតស្រាវជ្រាវទៅលើករណីខាងលើឱ្យកាន់តែស៊ីជម្រៅ។
សូមជម្រាបថា ក្រៅពីភាពមិនប្រក្រតីក្នុងការដឹកនាំ និងកិបកេងលុយកូនចៅ លោក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ត្រូវបានមន្ត្រីក្រោមឱវាទទម្លាយរឿងស្រូវជាច្រើនបន្ថែមទៀត ដូចជា ការប្រព្រឹត្តិអំពើពុករលួយ ដោយអនុញ្ញាតឱ្យមានទីតាំងមាន់ជល់អនឡាញ់រាប់រយកន្លែង ដែលស្ថិតក្រោមគ្រប់គ្រង់របស់លោក។ ជាមួយគ្នានោះ ទីតាំងប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ក៏តម្រូវឱ្យបង់ប្រាក់ប្រចាំខែឱ្យលោកចំនួន៥ពាន់ដុល្លារសហរដ្ឋអាម៉េរិកផងដែរ ជាថ្នូរនឹងការមិនចុះបង្រ្កាប នេះបើយោងតាមពាក្យបណ្តឹងរបស់មន្ត្រីនគរបាលក្រោមឱវាទ។ ជាងនេះទៅទៀត មុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងស្រុក ក៏ត្រូវបានលោកអធិការ ដោះលែងផុយៗ ក្រោមហេតុផល ជាអ្នកប្រើប្រាស់ ឬជាជនរងគ្រោះ ហើយទទួលសំណូកក្រោមតុ៕










You must be logged in to post a comment.