
មហាជនឆ្ងល់ណាស់ តើក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកជញ្ជូនអ្វី ប្រកបមុខរបរអ្វី ឲ្យពិតប្រាកដ!!
បន្ទាប់ពីផ្ទុះរឿងដឹកជញ្ជូនម៉ូតូអត់ពន្ធដោយខុសច្បាប់ ឥឡូវនេះក្រុមហ៊ុនវីរៈប៊ុនថាំ ដដែលនេះ បានដឹកជញ្ជូនឈើខុសច្បាប់ទៀតហើយ។
នេះបើយោងតាមខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បង្ក្រាបរថយន្តក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំដែលលួចបង្កប់ឈើអារខុសច្បាប់ដឹកទៅខេត្តព្រៃវែង និងភ្នំពេញ។
ក្រោមការបញ្ជាផ្ទាល់ពីស្ថាប័នអយ្យការ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយ បន្ទាប់ពីរកឃើញថាបានលួចបង្កប់ឈើអារប្រភេទលេខ ១ ជាច្រើនសន្លឹក ដើម្បីដឹកជញ្ជូនយកទៅចែកចាយនៅតាមបណ្តាខេត្តដោយខុសច្បាប់។
យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីជំនាញ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០០:១៦ នាទីអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីមាន ការចង្អុលបង្ហាញពីលោកព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តមណ្ឌលគិរី។ ក្រុមការងារបានឃាត់ត្រួតពិនិត្យរថយន្ត១គ្រឿង ម៉ាក Hyundai ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 3G-2483 ជារបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ខូអិលធីឌី នៅត្រង់ចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
អ្នកបើកបរត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ ស្លាម រំលី ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើ។ តាមរយៈការឆែកឆេរជាក់ស្តែង ក្រុមការងារបានរកឃើញឈើអារប្រភេទលេខ១ (ទ្វារសុក្រម) ចំនួន ៣០សន្លឹក ដែលត្រូវបានគេលួចបង្កប់ជាមួយនឹងអីវ៉ាន់បញ្ញើផ្សេងៗរបស់អតិថិជន។
តាមការសារភាពរបស់អ្នកបើកបរឈ្មោះ ស្លាម រំលី បាន ឱ្យដឹងថា ខ្លួនពុំមានលិខិតអនុញ្ញាត (PC) នោះទេ ហើយការដឹកនេះគឺជាការលួចលាក់ធ្វើដោយខ្លួនឯង មិនឱ្យក្រុមហ៊ុនដឹងឡើយ។ ខ្លួនទទួលស៊ីឈ្នួលដឹកឱ្យ ឈ្មោះ (មិនដែលស្គាល់មុខ ទាក់ទងតាមទូរស័ព្ទ)។ ដឹកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយទទួលបានកម្រៃពី ១,១ លាន ទៅ ១,៤ លានរៀល ក្នុងមួយជើង។ រូបគេបានលួចដឹកជញ្ជូនតាមរូបភាពនេះបានប្រហែល ១២ ជើង រួចមកហើយ។
យោងតាមរបាយការណ៍មន្ត្រី ដោយពិនិត្យឃើញថា នេះគឺជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ក្រុមការងារបាន សម្រេចដកហូតវត្ថុតាងឈើ និងរថយន្ត យកទៅរក្សា ទុកជាបណ្តោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។ ដោយឡែក ចំពោះអីវ៉ាន់បញ្ញើរបស់អតិថិជនដែលនៅក្នុងរថយន្ត ត្រូវបានក្រុម ការងារអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនវីរៈប៊ុនថាំ ប្រើប្រាស់ម៉ូតូកង់បីចំនួន ២គ្រឿង ដើម្បីផ្ទេរចេញយកទៅចែក ចាយបន្តជូនអតិថិជនវិញ ដើម្បីកុំឱ្យមានការខូចខាត ឬបាត់បង់៕ ប្រភព: កងមាសញូស៍ TV online





You must be logged in to post a comment.