
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹកនៅក្នុងខេត្តចំនួន៥
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៥ ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរំជនភៀសខ្លួន និងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើឡើងរយៈពេល៣ថ្ងៃ នៅខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ កំពុងតែមានជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញ ពីផ្ទះសម្បែងទៅរកទីទួលសុវត្ថិភាព។ ក្នុងដំណាក់កាលនោះ ជនភៀសសឹកទាំងអស់មិនអាចរកទទួលទានបាននោះទេ ដូច្នេះក្នុងនាមស្មារតី (ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ) ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្នុងនោះដែរប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសស្រាក់សស្រាំនូវធនធានផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ របស់បងប្អូនជនភៀសសឹកដែលរស់បាននិងកំពុងស្នាក់នៅតាមជំរំភៀសខ្លួន ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រោមកម្លាំងសាមគ្គីជាតិខ្មែរ ប្រជាពលរដ្ឋ សប្បុរសជននានា បានរួមសហការគ្នានាំយកនូវថវិកា អង្ករ ទឹកសុទ្ធ និងភេសជ្ជៈមកជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់ ដើម្បីឱ្យរដ្ឋបាលខេត្តមានលទ្ធភាពធ្វើជាភស្តុភារសមរភូមិក្រោយ បន្តនាំយកទៅជួយ ដល់សមរភូមិមុខនិងដល់ដៃពលរដ្ឋនៅក្នុងជំរំភៀសសឹក និងវីរកងទ័ពជួរមុខ ។
នៅក្នុងជំនួបជាមួយបងប្អូនជនភៀសសឹកនៅតាមជំរុំភៀសខ្លួន អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា បងប្អូនពិតជាប្រឹងប្រែងក្នុងការអត់ធ្មត់ជាមួយរាជរដ្ឋាភិបាល ក្នុងការស្វែងរក សុខសន្តិភាពមកជូនប្រទេសជាតិវិញ និងបានជឿជាក់លើវីរភាពរបស់វីរកងទ័ពយើងក្នុងការឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដែលភាពអត់ធ្មត់ និងការជឿជាក់របស់បងប្អូនលើថ្នាក់ដឹកនាំ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះព្រំដែនពិតជាត្រឹមត្រូវ និងច្បាស់លាស់ ជម្លោះត្រូវបានដោះស្រាយបញ្ចប់នាំមកនូវបទឈប់បាញ់ វីរកងទ័ពចំនួន១៨នាក់ ដែលកងទ័ពសៀមចាប់ទៅ ត្រូវបានដោះលែងឱ្យវិលត្រឡប់មកកាន់មាតុប្រទេសខ្លួន ជួបជុំគ្រួសារវិញផងដែរ៕ អត្ថបទបានសុខរិទ្ធិ






You must be logged in to post a comment.