Mon. Dec 8th, 2025

សម្តេចធិបតី៖ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យនឹងប្រែក្លាយតំបន់ព្រំដែនកម្ពុជា និងវៀតណាមទៅជាព្រំដែនសន្តិភាព និងលំហូរពាណិជ្ជកម្ម

សម្តេចមហាបវ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវច្រកព្រំ ដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង ជាប់នឹងខេត្ត​តៃនិញ​របស់​វៀត​ណាម​នាពេ​ល​នេះ គឺបង្ហាញពីទំនាក់ទំនាក់ដ៏ល្អរវាងកម្ពុជា និងវៀតណាម ក្នុងការប្រែក្លាយ​តំបន់​ព្រំដែន​ប្រទេស​ទាំង​ពីរ ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាពិសេស​ជំរុញ​ទៅ​លើ​វិ​ស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុង​ខេត្ត​ព្រៃវែង​ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គូស​បញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនឹងកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ហើយ​ប្រជាជនប្រទេសទាំងពីរនឹងកាន់មានភាពស្និទ្ធស្នាលនឹងគ្នា ក្រោយ​បើក​ច្រក​ព្រំដែន​អន្តរ​ជាតិ​ម៉ឺន​ជ័យ​នា​ថ្ងៃនេះ​ ហើយជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​ខេត្ត​ព្រៃវែង និងខេត្តតៃនិញរបស់ វៀតណាម​បន្ត​ពង្រឹង​កិច្ចស​ហប្រ​តិ​បត្តិការ​ជា​មួយ​គ្នា​បន្ថែម​ទៀត ដើម្បី​គុណប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្រកព្រំដែនម៉ឺនជ័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បាន​លើក​ឡើង​ ដូចគ្នាថា ការបើកច្រកព្រំដែនអន្តរជាតិនេះឡើង គឺដើម្បីជួយជំរុញ​បន្ថែម​នូវ​ទំហំ​នៃ​ការ​ដោះដូ​រ​នូវពាណិជ្ជ កម្មរបស់ប្រទេសកម្ពុជា និងវៀតណាមឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងប៊ិន ស្រុកតាំងបៀង ខេត្តតៃនិញរបស់វៀតណាម។ ច្រកទ្វាព្រំដែននេះ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៨ តាមផ្លូវលេខ៨៨ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែង៥,៦២០ម៉ែត្រ និងទទឹង១០ម៉ែត្រ ដែលបានសាងសង់នៅឆ្នាំ២០១១ និងជួសជុលឡើងវិញនៅឆ្នាំ២០២៥៕ អត្ថបទ៖ បាន ចក់

You missed

error: Content is protected !!