Thu. Dec 4th, 2025

រដ្ឋមន្រ្តីក្រសួងធម្មការ៖ «រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា»

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អៈអាងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង ឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មគ្រប់សាសនា។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សាសនិករួមគ្នារក្សា និងពង្រឹងសាមគ្គីភាពជាតិ» ដោយបានសង្កត់ធ្ងន់លើការពង្រឹងសាមគ្គីភាពជាតិ និងជំរុញដល់ការរីកចម្រើនរួមគ្នា អភិវឌ្ឍន៍រួមគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក តាមរយៈវិស័យសាសនា ស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកលើកស្ទួយសុខដុមនីយកម្មក្នុងវិស័យសាសនាផង និងចូលរួមអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងម៉ឹងម៉ាត់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនេះក៏មានការយាង និមន្តនិងអញ្ជើញចូលរួម ជាព្រះរាជាកិត្តិយសពីសំណាក់សម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា , ថ្នាក់ដឹកនាំពាហិរសាសនា ( សាសនិកឥស្លាមសាសនា គ្រិស្តសាសនា ) ដែលប្រារព្ធធ្វើឡើងនៅសាលផ្ការំដួល នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា មានព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាផ្សេងៗទៀត បានរស់រានមានជីវិតក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយសាសនាទាំងអស់នៅប្រទេសកម្ពុជា ត្រូវបានរដ្ឋធានាប្រជាពលរដ្ឋ គ្រប់រូបគោរព និងប្រតិបត្តិទៅតាមជំនឿ នៃគោលលទ្ធិសាសនារបស់ខ្លួននីមួយៗ ប្រកបដោយសុខដុមរមនាក្នុងសង្គមខ្មែរទាំងមូល ជាមួយនឹងភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះឯកឧត្តមបណ្ឌិត ចាយ បូរិន សូមអំពាវនាវដល់ប្រជាសាសនិកគ្រប់ជំនឿ និងនិកាយសាសនា ឱ្យចេះគោរព ស្រឡាញ់ សន្តោស ឱ្យតម្លៃគ្នា និងជួយគ្នាទៅវិញទៅមក ដោយឥតរើសអើង និងអាចរស់នៅជាមួយគ្នា ដោយសុខសាន្តតាំងពីថ្នាក់ជាតិ រហូតដល់កម្រិតគ្រួសារក្នុងសហគមន៍។ ទាំងនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ នាពេលកន្លងមក ទាំងសម្រាប់សុខមាលភាពប្រជាជនផ្ទាល់ ក៏ដូចជាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖ ១.សូមថ្នាក់ដឹកនាំគ្រប់សាសនាទាំងអស់ គោរពនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ប្រកបដោយសុខសន្តិភាព ។

២.សូមឱ្យបន្តចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាព និងគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនានៅកម្ពុជា ឱ្យមានភាពសុខដុមរមនាជានិរន្តរ៍។

៣.គោរពនិងអនុវត្តឱ្យបានម៉ឹងម៉ាត់ តាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

៤.សូមឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងមេដឹកនាំសាសនា បន្តអនុវត្តមុខងារតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការអប់រំទូន្មាន និងផ្សព្វផ្សាយភាពសុចរិត និងវឌ្ឍនភាព ដើម្បីបញ្ចៀសឱ្យបានជាដាច់ខាតនូវរាល់អធិករណ៍ ទាំងក្នុងក្របខណ្ឌ នៃសាសនារបស់ខ្លួន និងជាមួយសាសនាដទៃ ។

៥.គោរពសេរីភាពខាងជំនឿដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បង្កើនសាមគ្គីភាពរវាងគ្រប់សាសនា ដើម្បីប្រែក្លាយសក្តានុពលសាសនា ក្នុងការចូលរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព ៕ អត្ថបទ រដ្ឋា

You missed

error: Content is protected !!