Mon. Oct 6th, 2025

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកចាយជូនប្រជាជនរងគ្រោះទឹកជំនន់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី ៥ តុលា ឆ្នាំ ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចូលជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១.៨០០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ចំនួន ២០,០០០ ដុល្លារអាមេរិក ដែលជាព្រះរាជទ្រព្យរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ត្រូវបានប្រើប្រាស់សម្រាប់ទិញស្បៀង និងសម្ភារ ឲ្យប្រជាជនដែលទទួលរងគ្រោះ។

អំណោយរៀងរាល់គ្រួសាររួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ប្រេងឆា ១ដប សាប៊ូដុសខ្លួន ១ដប ម្សៅសាប៊ូ ២កញ្ចប់ និងឃីត ១កញ្ចប់។
ក្រៅពីនេះ ក៏មានការឧបត្ថម្ភថវិកាបន្ថែម ៥ម៉ឺនរៀល ពីឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងក្រុមតំណាងរាស្ត្រមណ្ឌល ខេត្តត្បូងឃ្មុំ។ ខណៈសាខាកាកបាទក្រហមខេត្តក៏បានផ្តល់បន្ថែម នំប៉័ងសាប ១ដើម និងទឹកបរិសុទ្ធ ១ដប។

សម្រាប់ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ ទទួលបានកញ្ចប់អនាម័យពីអង្គការ UNFPA។ ព្រមទាំងលោកជំទាវ អ៊ូ ធីតាពៅ គួចចំរេីន ក៏បានឧបត្ថម្ភថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌បន្ថែមផងដែរ។

ក្រៅពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថ្នាំពេទ្យប្រភេទ ACETA-SANT 500 ចំនួនសរុប ១៥.៦០០០គ្រាប់ (១៦កេស) ជូនដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដើម្បីចែកជូនទៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារព្រះរាជបន្ទូល និងព្រះសវណីយ៍ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដោយជម្រាបសួរសុខទុក្ខ និងបង្ហាញពីព្រះហឫទ័យក្តីស្រឡាញ់និងក្តីនឹករលឹកដល់សុខទុក្ខប្រជាពលរដ្ឋជានិច្ច។

You missed