Thu. Jul 10th, 2025

ប៉ៃលិន៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានពលករខ្មែរម្នាក់កំពុងមានជំងឺធ្ងន់ធ្ងរនៅប្រទេសថៃ និងត្រូវ បានគេទុកចោលមិនព្យាបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំ នាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ សម្របសម្រួលយកពលករខ្មែរនោះចេញមកព្យាបាល ភ្លាមៗ ដោយមិនទុកពលករខ្មែរយើងចោលនោះឡើយ ។

ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានស្រុកកំណើតនៅខេត្តព្រៃវែង ជាពលករបេះ ផ្លែឈើនៅប្រទេសថៃ មានរោគសញ្ញាអស់កម្លាំង ឈឺក្បាល វិលមុខ រាគ ភ្នែកក្រហម ចេញកន្ទួក្រហម ពេញខ្លួន ហើយធ្លាប់មានជំងឺតេតាណុស ដែលបើតាមការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យប្រចាំការនៅ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈិក។

លោក ប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា ការអន្តរាគមន៍ យកពលករខ្មែរមានជំងឺចេញពីប្រទេសថៃ ដែលក្រុមគ្រូពេទ្យប្រទេសនេះមិនទទួលព្យាបាល ក្រោយមានបញ្ហាជម្លោះព្រំដែនកើតឡើងនោះ បានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ របស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ហើយសកម្មភាពនេះ មិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុង ការជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលករបានជួបប្រទះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕