
អង្គភាពអន្តរាគមន៍ ជាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតក្នុងរចនាសម្ព័នរបស់សេនាធិការដ្ឋាន និងមានតួនាទីធ្វើជាសេនាធិការ ជូនសេនាធិការដ្ឋាន លើកិច្ចប្រតិបត្តិការ បង្ក្រាបសកម្មភាពភេរវកម្ម កុបកម្ម បាតុកម្ម រំដោះចំណាប់ខ្មាំង និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយ គ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ នេះបើយោងតាមអនុក្រឹត្យលេខ ១០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ។
ផ្អែកតាមអនុក្រឹត្យដដែល អង្គភាពអន្តរាគមន៍មានភារកិច្ចជាច្រើនដូចជា កសាងផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពលើកិច្ចប្រតិបត្តិការបង្ក្រាបសកម្មភាពភេរវកម្ម កុបកម្ម បាតុកម្ម ការរំដោះចំណាប់ខ្មាំង ដោះស្រាយសភាពការចាំបាច់ និងសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ប្រមូលផ្តុំ និងប្រើប្រាស់វិធានការ ដើម្បីបង្ក្រាបសកម្មភាពភេរវកម្ម កុបកម្ម ដែលបង្កមហន្តរាយប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រតិបត្តិការរំដោះចំណាត់ខ្មាំង និងដោះស្រាយសភាពការចាំបាច់តាមបទបញ្ជារបស់អគ្គស្នងការដ្ឋាន។
អង្គភាពនេះក៏មានភារកិច្ច ល្បាតចល័តកម្លាំងការពារនៅតាមគោលដៅសំខាន់ៗ និងធ្វើអន្តរាគមន៍ទីកន្លែងដែលមានការប្រមូល ផ្គុំមនុស្សតវ៉ា ការធ្វើបាតុកម្ម និងការសម្ដែងមតិនៅតាមទីលានសាធារណៈ ដើម្បីឱ្យមានសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រង និងប្រើសុនខជំនាញក្នុងការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលបង្កមហន្តរាយចំពោះសង្គមជាតិ សហការជាមួយអង្គភាពពាក់ព័ន្ធ និងត្រៀមកម្លាំងចាត់វិធានការចាំបាច់នានា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ សហការការពារបុណ្យជាតិ អន្តរជាតិ កិច្ចប្រជុំ សន្និបាត សន្និសីទជាតិ អន្តរជាតិ និងដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូជាតិ និងអន្តរជាតិ។
បន្ថែមពីនេះអង្គភាពអន្តរាគមន៍មានភារកិច្ច សិក្សាអំពីឧបាយកលនៃសកម្មភាពភេរវកម្ម កុបកម្ម បាតុកម្ម ការរំដោះចំណាប់ខ្មាំង និងគ្រោះមហន្តរាយនានា ដើម្បីចងក្រងជាឯកសារសម្រាប់ដកពិសោធន៍ កែលម្អកិច្ចប្រតិបត្តិការ និងធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ គណនេយ្យរបស់អង្គភាព ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អង្គភាពអន្តរាគមន៍ តាមការកំណត់ និងទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលប្រធានសេនាធិការដ្ឋានប្រគល់ឱ្យ អង្គភាពអន្តរាគមន៍ ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនតាមការកំណត់។
You must be logged in to post a comment.