Thu. Dec 26th, 2024

ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី៩-១២ ខែឧសភា ឆ្នាំ២០២៤ – លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារក្រសួងទេសចរណ៍ និងផ្នែកឯកជន ចូលរួម “ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល លើកទី៣៩ ឆ្នាំ២០២៤( The 39th Seoul International Travel Fair – SITF2024)” និង “សន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី ៣ (The 3rd World Tourism Industry Conference)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១២ ខែឧសភា ឆ្នាំ២០២៤ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ អគ្គនាយកក្រុមហ៊ុនទេសចរណ៍ វិនិយោគិនទេសចរណ៍ និងអង្គការអន្តរជាតិនានា រួមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិកូរ៉េ និងអន្តរជាតិជាច្រើន។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ត្រូវបានអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាថ្នាក់ដឹកនាំទេសចរណ៍ (Tourism Leaders Forum) នៃសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៣ (WTIC2024) ក្នុងអំឡុង ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល លើកទី៣៩ ឆ្នាំ២០២៤ (SITF2024) នេះផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញទៅកាន់ឆាកអន្តរជាតិ ពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥ អភិវឌ្ឍ៣» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា គាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាអំឡុងពិព័រណ៍នេះ សារព័ត៌មានជាតិកូរ៉េ និងអន្តរជាតិជាច្រើនបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះវេទិកាតាំងបង្ហាញរបស់កម្ពុជា និងបានចុះផ្សាយពីការចូលរួមរបស់កម្ពុជាក្នុងឆាកអន្តរជាតិ ក៏ដូចជាបង្ហាញនូវសក្កានុពលទេសចរណ៍ទៅកាន់ពិភពលោកផងដែរ។

លើសពីនេះ ក្រសួងទេសចរណ៍ សូមជម្រាបផងដែរថា នាឱកាស “ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល លើកទី៣៩ ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលពានរង្វាន់គួរជាទីមោទនៈ នូវពានរង្វាន់ការរៀបចំស្ដង់ពិព័រណ៍ដ៏ស្អាតបំផុតប្រចាំឆ្នាំ២០២៤ (The Best Booth Planning Award 2024)។

  • អត្ថបទ និងរូបភាពដោយ÷ ក្រសួងទេសចរណ៍

You missed