ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ជួន ណារិន្ទ អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ, និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានខណ្ឌមានជ័យសរុបចំនួនជាង១ពាន់នាក់។

លោក ជួន ណារិន្ទ បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោក បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាជាក្រុមប្រឹក្សាសង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

លោក បានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតនេះ គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំខណ្ឌ និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។
លោក បន្ថែមថា គណបក្សប្រជាជន បានសម្រិតសម្រាំងរកបានរួចហើយ និងសង្ឃឹមថា អង្គបោះឆ្នោតដែលជាមន្ត្រីបក្សនៅមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត គូសសន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដែលសន្លឹកឆ្នោត សម្រាប់ក្រុមប្រឹក្សាខណ្ឌមានជ័យ។

You must be logged in to post a comment.