Mon. Mar 2nd, 2026

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រកាសសមាសភាពលេខាធិការដ្ឋាន អ.ន.ក និងប្រកាសប្រគល់ត្រាសិទ្ធិជូនសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង ៨១ ឃុំ សង្កាត់ នៅខេត្តកំពង់ធំ ។

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពក្រុមលេខាធិកាដ្ឋាន អ.ន.ក និងណែនាំភារកិច្ច ផ្សព្វផ្សាយលក្ខន្តិកៈ របស់ អ.ន.ក និងប្រគល់ត្រាសិទ្ធិ ជូនដល់សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅឃុំ សង្កាត់ ទាំង ៨១ ក្នុងខេត្តកំពង់ធំ ។ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីគ្រប់សមាសភាពដែលមានការពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើម លោកវរសេនីយ៍ទោ នួន គឹមអាង នាយផ្នែកលេខាធិការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឡើងអានសេចក្តីសម្រេចស្ដីពីការចាត់តាំងសមាសភាព ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការ អ.ន.ក ខេត្តកំពង់ធំ និងប្រកាសសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតាមឃុំ សង្កាត់ ទាំង ៨១ នៅខេត្តកំពង់ធំ ដោយបានគូសបញ្ជាក់ទៅតាមសេចក្តីសម្រេច អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ក្រុមលេខាធិកាដ្ឋាន អ.ន.ក និងសាខាសមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជា នៅតាមឃុំ សង្កាត់នីមួយនីៗផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន តំណាងឲ្យឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានសូមថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ច ស្របតាមលក្ខន្តិកៈរបស់ អ.ន.ក និងបានខិតខំដោះស្រាយ និងបម្រើបងប្អូនអតីតយុទ្ធជន និងវិវត្តជនកម្ពុជា នៅខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ ដែលជាទីកក់ក្តៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពង់ធំយើង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីចំណុចសំខាន់ៗមួយចំនួន អំពីលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមហាសន្និបាតវិសាមញ្ញរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានអនុម័តជាឯកច្ឆន្ទ ក្នុងអង្គមហាសន្និបាតវិសាមញ្ញកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីរួមបញ្ចូលអតីតមន្ត្រីរាជការស៊ីវិល ក្នុងសមាគមអតីតយុទ្ធជនកម្ពុជា និងបានណែនាំអំពីតួនាទីភារកិច្ចរបស់ក្រុមលេខាធិកាដ្ឋាន និងតួនាទីភារកិច្ចរបស់សាខាឃុំ សង្កាត់នីមួយៗ ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ដែលជានិវត្តជន ស្របតាមលក្ខន្តិកៈដែលបានចែង ។ ហើយនៅក្នុងឱកាសមហាសន្និបាតវិសាមញ្ញកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចូលរួមក្នុងការបម្រើ និងជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជាឲ្យបានល្អប្រសើរ ។

You missed

error: Content is protected !!