Mon. Mar 2nd, 2026

រដ្ឋបាលស្រុកប្រាសាទសំបូរ បើកកិច្ចប្រជុំត្រួតពិនិត្យផែនការរៀបចំសង្ក្រាន្តឆ្នាំថ្មី និងដាក់ទិសដៅអនុវត្ត

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃផែនការសកម្មភាព និងដាក់ចេញនូវទិសដៅអនុវត្តសម្រាប់ត្រៀមរៀបចំ “សង្ក្រាន្តឆ្នាំថ្មី” ខាងមុខ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជុំវិញស្រុក និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ឃីម សុខឃាង អភិបាលស្រុកបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការងារចម្បងៗចំនួន៤ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ៖  ១-សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៖ ពង្រឹងការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងមូលដ្ឋាន និងភ្ញៀវទេសចរ ព្រមទាំងរៀបចំផែនការសម្រួលចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីបញ្ចៀសការកកស្ទះក្នុងអំឡុងពេលពិធីបុណ្យ។ ២-អនាម័យ និងបរិស្ថាន៖ ជំរុញការសម្អាត និងរៀបចំបរិស្ថានឱ្យមានសោភ័ណភាពស្រស់បំព្រង។ ក្នុងនោះក៏មានការរៀបចំតុបតែង ភ្លើងលម្អ តាមដងផ្លូវ និងទីតាំងសំខាន់ៗឱ្យកាន់តែមានភាពទាក់ទាញ។ ៣-ការលើកកម្ពស់វប្បធម៌៖ រៀបចំឱ្យមានការលេង ល្បែងប្រជាប្រិយខ្មែរ ឱ្យបានសម្បូរបែប ដើម្បីថែរក្សានូវអត្តសញ្ញាណជាតិ និងបង្កភាពសប្បាយរីករាយតាមបែបប្រពៃណី។ ៤-កិច្ចសហការ៖ ការបែងចែកភារកិច្ចច្បាស់លាស់ដល់មន្ត្រីជំនាញ និងកងកម្លាំង ដើម្បីអនុវត្តផែនការឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ជាចុងក្រោយលោក ឃីម សុខឃាង អភិបាលស្រុក បានផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងសហការគ្នាជាធ្លុងមួយ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងស្រុកប្រាសាទសំបូរឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន មានភាពអធិកអធម និងទទួលបាននូវស្នាមញញឹមពីគ្រប់មជ្ឈដ្ឋាន។ អត្ថបទ រដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

You missed

error: Content is protected !!