Mon. Feb 9th, 2026

អភិបាលខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និងព្រមានចាត់វិធានការអ្នកប្រើឧបករណ៍ល្មើសបំផ្លាញ

កំពង់ស្ពឺ៖ ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បី​បង្កើន​ធន​ធាន​ជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះ​ជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។

ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរ​ទៅ​ដោយ​អាង​ទឹក​ធំ​ៗ​ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ គឺ​បណ្តាល​មក​ពីការគ្រប់គ្រង របស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិន​អើ​ពើ ឬក៏ចាត់វិធានការក្តៅ ចំពោះជនល្មើស ដែលតែង​ប្រើ​ប្រាស់​ឧបករណ៍​ហាម​ឃាត់​គ្រប់​ប្រភេទ ពិសេសគឺឧបករណ៍ឆក់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដោយកត្តាអំណោយផល ដែល​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​អាង​ស្តុកទឹ​កធំៗ ដែលអាចជាជម្រកជីវចម្រុះ អាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុងស្រុក ត្រូវ​តែ​រៀប​ចំ​ទីតាំងភូមិសាស្ត្រអាងណាមួយ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះ ចូល​ទៅ​ក្នុងអាងនោះ ដើម្បីពង្រីកពូជធ្វើឲ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះ គឺផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅ​មូល​ដ្ឋាន​តាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ដើម្បីការពារ អភិរក្សជីវៈចម្រុះជលផល ក្រោយការរៀបចំ និងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវបង្កើតជាសហគមន៍ និងកន្លែងអភិរក្ស ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយត្រូវដាក់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់ នៅពេលដែលចាប់ខ្លួនបានធ្វើយ៉ាងណាឱ្យជនល្មើសមានការរៀងចាល និងរក្សាបាននូវនិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ៕

error: Content is protected !!