
ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០៥នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ត្រីទាំងអស់ បើទោះបីពេលនេះជាពេលវេលាឈប់សម្រាកបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏សូមមន្ត្រីរាជការទាំងអស់ត្រូវមានវេនប្រចាំការ សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសម្រាប់ត្រៀមឆ្លើយតបទៅនិងសភាពការណ៍ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ពីព្រោះយើងមានភារកិច្ចជាមន្ត្រីរាជការ សូមកុំគិតថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានឡើយ ត្រូវតែត្រៀមបម្រើសាធារណៈប្រជាពលរដ្ឋគ្រប់ពេលវេលា។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសមិទ្ធផលនានា ដែលរដ្ឋបាលបានសម្រេចបានជាច្រើន ក្នុងនោះក៏មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបើកដំណើរការហោះហើរកាលពីពេលថ្មីៗនេះ ហើយបានដំណើរការយ៉ាងប្រក្រតី ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមទាំងប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។ រដ្ឋបាលខេត្តបានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសំពៅពូន ព្រមទាំងបានខិតខំដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងតាខ្មៅ បើទោះបីជាមិនទាន់រួចរាល់ជាស្ថាពលក៏ដោយ ក៏បានជួយសម្រួលឱ្យក្រុងតាខ្មៅមិនមានការជនលិចក្នុងរដូវវស្សានេះផងដែរ។
ក្រៅពីបានថ្លែង នូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញការងារភារកិច្ចអស់សមត្ថភាព និងជំនាញនីមួយៗ ជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់មន្ត្រីទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវខិតខំធ្វើនូវរាល់កិច្ចការងារតូចៗឱ្យទទួលបានលទ្ធផលល្អប្រសើរ មុននឹងឈានទៅដល់ការធ្វើការងារធំៗដែលថ្នាក់ដឹកនាំប្រគល់ជូន ។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្តកណ្ដាល រួមគ្នាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះកិច្ចការនេះក៏ ជាបុណ្យកុសលដ៏ធំធេងមួយផងដែរ គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាត្រូវធ្វើឱ្យបានទាំងមន្ត្រីនគបាល មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ។







You must be logged in to post a comment.