
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូក្រសួងបរិស្ថាន បានអញ្ជើញចុះពិនិត្យតំបន់ភ្នំខ្នងផ្សារ ដែលកន្លងមកមានអ្នកទៅលេងលក្ខណៈផ្សងព្រេងច្រើនដែរ មានទាំងទេសចរជាតិ និងអន្តរជាតិ ស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីបង្កើនឱ្យកាន់តែមានភាពទាក់ទាញ ជាគោលដៅលំហែបៃតង ដើម្បីផ្សារភ្ជាប់ជាមួយនឹងសហគមន៍ និងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅក្នុងភូមិតាំងបំពង់ តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើដំណើរ ដោយថ្មើរជើងចំងាយឡើងភ្នំ ជាង ៣គីឡូ និងបានឆ្លងកាត់តំបន់ទេសភាពធម្មជាតិ យ៉ាងល្អប្រណីត ដូចជាវាលស្រល់បៃតងស្រស់ ខ្យល់អាកាសបរិសុទ្ធ ឆ្លងកាត់ភ្នំខ្នងក្រពើ បន្តទៅភ្នំខ្នងស្រូវ និងបន្តមកតំបន់ភ្នំខ្នងផ្សារ ដែលរដូវនេះ បានរំលេចចេញឱ្យឃើញទេសភាពដូចក្រាលព្រំពណ៌មាសលើភ្នំ គួរជាទីមនោរម្យ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានកំពុងពិនិត្យលើការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីតភ្ជាប់កន្លែងនីមួយៗ ដែលមានសម្បតិ្តធម្មជាតិឬបេតិកភណ្ឌ ដែលមានសកម្មភាពទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍។
បន្ដមកទៀតនៅថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូក្រសួងបរិស្ថាន បានបន្ដពិនិត្យទីតាំងសម្រាប់សាងសង់ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់មួយទៀត ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ដេីម្បីជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាច្រើនលានដើម ក្នុងមួយឆ្នាំ តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើឱ្យបានច្រើន នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថានសង្ឃឹមថា នឹងមានដើមឈើចំនួនប្រមាណ ៣លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា នៅក្នុងឆ្នាំ២០២៥ ហើយពិសេសដែរនោះ គឺក្រសួងក៏គ្រោងដាំដើមត្នោតចំនួន ១លានដើមផងដែរ។
ក្រសួងបរិស្ថាន បន្តបណ្ដុះកូនឈើនៅតាមមន្ទីរបរិស្ថាននានា ទូទាំងប្រទេស រៀបចំថ្នាលបណ្ដុះកូនឈើខ្នាតតំបន់៥កន្លែង ជាបន្តបន្ទាប់ ដើម្បីបង្កើនការបណ្ដុះកូនឈើ ចែកជូនប្រជាពលរដ្ឋ យកទៅដាំស្តារព្រៃ ដាំតាមទីសាធារណៈ សំដៅលើកកម្ពស់ជីវភាពសហគមន៍ និងឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព៕









You must be logged in to post a comment.