ស្ទឹងត្រែង៖ ជនសង្ស័យម្នាក់មានឈ្មោះ លី សេន ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបាន មន្ដ្រី កងរាជអាវុធហត្ថខេត្ដស្ទឹងត្រែង សហការជាមួយ មន្ដ្រី ជំនាញ មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង ឃាត់ខ្លួនបានកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ ជនសង្ស័យខាងលើជាមុខសញ្ញា ក្រុមមនុស្សដែលកាប់បំផ្លាញដើមឈើទាលជាច្រើនដើម មានទីលំនៅ ស្ថិតនៅភូមិរំដែង ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្ដស្ទឹងត្រែង។
បើយោងតាមប្រធានមន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង លោក ស្រេង សុខហេង បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកបានទទួលដំណឹងថាមានការលបលួចចូលកាប់ និងផ្ដួលរម្លំដើមឈើទាល និងអាជ្រៀកធ្វើគ្រឿងផ្ទះ ប្រមាណជា ៤៩ដើម ស្ថិតនៅភូមិទាល់ ឃុំអន្លង់ភេ ស្រុកឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមករា លោក និងមន្ដ្រីជំនាញ រួមទាំង អាជ្ញាធរស្រុក និងកងកម្លាំងសមត្ថកិច្ច បានចុះទៅពិនិត្យ ក៏បានឃើញថា មានករណីកាប់រម្លំដើមឈើទាលពិតប្រាកដមែន មានគល់សរុប ៥៦គល់ ដែលបានកាប់ ក្នុងនោះដើមនីមួយៗមានអង្កត់ផ្ចិតចាប់ពី ៤០សង់ទីម៉ែត្រ រហូតដល់ ១០០សង់ទីម៉ែត្រ។
ក្រោយមក នៅថ្ងៃទី៣១ ខែមករា លោក បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយពីតាមស៊ើប និងតាមដានមុខសញ្ញា រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ លី សេន សង្ស័យជាជនបង្ក ចូលកាប់ផ្ដួលរម្លំដើមឈើទាលខាងលើ និងបានបញ្ជូនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូង ខេត្ដស្ទឹងត្រែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ រដ្ឋបាលខេត្ដស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា និងគណៈបញ្ជាការឯកភាពខេត្ដ នៅតែបន្ដវែកមុខ ជនបង្ក និងយកមកអនុវត្ដតាមនីតិវិធីច្បាប់ ដោយមិនមានការលើកលែងនោះទេ៕
You must be logged in to post a comment.