Fri. Dec 27th, 2024

  (ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយស្ថាប័នមន្ទីរពាក់ព័ន្ធ នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទងធំ តូច សម្ភារៈប្រើប្រាស់ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាជំនួយឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងកម្លាំងសរុប ដែលប្រចាំការនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងតំបន់ព្រៃឧទ្យានុរក្សបឹងពែ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  ក្នុង ភារកិច្ចសហការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការ ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាននូវរាល់បទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ដោយត្រូវប្រើប្រាស់កម្លាំងសរុប វិធានការសរុប មធ្យោបាយសរុប ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។

     ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ គ្រប់គ្រងការពារធនធានធម្មជាតិ ខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងទាំងអស់ និងស្ថាប័នជំនាញពាក់ព័ន្ធ ដាច់ខាត មិនត្រូវចូលរួមឃុបឃិត ធ្វើខ្នងបង្អែកឬធ្វើសកម្មភាពប្រព្រឹត្តបទល្មើសធនធានធម្មជាតិជាដាច់ខាត និងត្រូវផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់បានយល់ជ្រួតជ្រាប អំពីវិធានការច្បាប់ ក្នុងកិច្ចការពាររក្សាធនធានធម្មជាតិ ឲ្យនៅគង់វង្ស ដើម្បីជាប្រយោជន៍ចំពោះប្រជាជនទូទៅ និងសង្គមជាតិទាំងមូល ។

     នៅក្នុងឱកាសសាកសួរសុខទុក្ខ ដល់កងកម្លាំងនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ប្រគល់ជូនរួមមាន វិទ្យុទាក់ទងប្រភេទ ឃែនវុធធំ មានខ្សែអង់តែន និង ធុងអាគុយចំនួ ន២គ្រឿង វិទ្យុទាក់ទងកាន់ដៃ ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់កម្លាំងសរុបនៅពីរគោលដៅគឺទី១   តំបន់អូអាចម៍ដៃក និងទី២ តំបន់អូឃ្មង ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ព្រៃឡង់ក្នុងស្រុកសណ្ដាន់ ហើយក្នុងឱកាសនេះដែរ ក៏បានចាត់តាំងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នាំយកវិទ្យុទាក់ទង ម៉ាស៊ីនភ្លើង ប្រេងឥន្ធនៈនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅប្រគល់ជូនកងកម្លាំងចម្រុះប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងតំបន់ព្រៃឧទ្យានុរក្សបឹងពែរ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ

You missed