(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទូច សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន២ភូមិ នៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាការសំណេះសំណាលនៅក្នុងពិធីនេះលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវចូលរួមសហការជាមួយជំនាញពាក់ព័ន្ធ ជាពិសេសសុរិយោដីដែលកំពុងចុះវាស់វែងលក្ខណៈជាប្រព័ន្ធដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធពេញលេញ និងសម្រេចតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប័ណ្ណកម្មសិទ្ធិដីលក្ខណៈប្រព័ន្ធជូនពលរដ្ឋឲ្យបានរួចរាល់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៥ខាងមុខនេះ។
ជាមួយនេះផងដែរលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់ដីនៅតំបន់២ ឱ្យបានត្រឹមត្រូវក្នុងនាមជាអ្នកប្រើប្រាស់និងអាស្រ័យផលដែលរាជរដ្ឋាភិបាល បានប្រទាកម្មជូនគឺពុំមានសិទ្ធិចាត់ចែង លក់ដូរឡើយ តែអាចធ្វើអំណោយពីឪពុកម្ដាយទៅកូនចៅបាន។
ឯកឧត្តម ទូច សុខា ក៏បានអំពាវនាវបន្ថែមទៀតសូមប្រជាពលរដ្ឋចូលរួមថែរក្សាទុកដាក់ និងប្រើប្រាស់បណ្ណកម្មសិទ្ធិអចលនវត្ថុឲ្យបានត្រឹមត្រូវជាប្រយោជន៍គតិយុត្តិ ហើយមិនត្រូវរំលោភបំពានដីសាធារណៈរបស់រដ្ឋដូចជាចំណីផ្លូវ ព្រែក បឹង ស្ទឹង អូរ ត្រពាំង បុរាណដ្ឋាន តំបន់អភិរក្សឬទួលកប់ខ្មោចឡើយ។
ជាចុងបញ្ចប់ ឯកឧត្តម ទូច សុខា និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រមទាំងសហការី ក៏បានចែកវិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុ ក្នុងនោះប័ណ្ណត្រូវចែកសរុបរួមមានចំនួន២,៧០៣ប័ណ្ណ សម្រាប់ភូមិសំព័រ និងភូមិសណ្តាន់នៃឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ អត្ថបទលោក ឆុន ឆេងក្រឹម
You must be logged in to post a comment.