Thu. May 9th, 2024

ត្បូងឃ្មុំ÷ ក្នុងបរិវេណសាលាស្រុកអូររាំងឪ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំកិច្ចប្រជុំពិ និងពិនិត្យវឌ្ឍនភាពការងាររៀបចំសង្ក្រាន្តអូររាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីរៀបចំផែនការ បែងចែកការងារ ទទួលបន្ទុករៀបចំកម្មវិធីសង្ក្រាន្ត និងវិធានការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលមកចូលរួម ដើរលេងកម្សាន្ត ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ក្រោយបញ្ចប់ពីកិច្ចប្រជុំ ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំក្រុមការងាររៀបចំកម្មវិធីសង្ក្រាន្ត បានចុះត្រួតពិនិត្យ នៅទីតាំងផ្ទាល់ នៅសួនឧទ្យានទន្លេស្ងួត ដែលជាទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្តម បានចង្អុលបង្ហាញណែនាំក្រុមការងារ ដេីម្បីរៀបចំមានលក្ខណៈជាប្រពៃណី វប្បធម៌ និងសាសនា ដូចជា ល្បែងប្រជាប្រិយខ្មែរ របាំ ពួនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងបានចាត់ចែងទីលានរាំចង្វាក់ម៉ាឌីហ្សុន ដែលនឹងចូលរួមរាំដោយក្រុមយុវជន សសយក ស្រុកអូររាំងឪ ចំនួន ១០០០នាក់ ជាការរំលែកនូវ ឯកត្តកម្មពិភពលោក ដែលកម្ពុជាធ្លាប់ទទួលបានកាលពីពេលកន្លងទៅ និងមានការដាក់តាំងពិព័រណ៍នូវផលិតផលក្នុងស្រុកអូររាំងឪ ព្រមទាំងសួនផ្កាស្បៃលឿង ១លានគុម្ពផងដែរ នឹងជាពិសេសការរៀបចំដោយស្មារតីខ្ពស់នូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជាពិសេសការអនាម័យ ជូនដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។

គូសបញ្ជាក់ផងដែរថា សង្ក្រាន្តអូររាំងឪ ដែលរៀបចំដេីម្បីអបអរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក នៅឆ្នាំ២០០៤ នេះ គឺមានលក្ខណៈទ្រង់ទ្រាយធំ មានរយៈពេល ០៥ ថ្ងៃ ចាប់ពីទី១២ រហូតដល់ថ្ងៃទី១៦ ខែមេសា ដែលផ្ដល់ឱកាស និងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ចូលលេងកម្សាន្តប្រមាណជិត ៨ ម៉ឺននាក់ ដោយកម្មវីធីមានការប្រគំតន្រ្តីខ្នាតធំ មានតារាចម្រៀងល្បី ដូចជា កញ្ញា រ៉ាប៊ី លោក ឈឿន ឧត្តម លោក សុះមាច លោក នេនទុំ លោក សាំង សាត់ធូដេ និងតារាចម្រៀងជាជាច្រើនរូបទៀតផងដែរ។

You missed