ខេត្តមណ្ឌលគិរី៖ រដ្ឋបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានថា ពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង ត្រូវបានអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែលមានកំហុសឆ្គង ហើយអាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី។

រដ្ឋបាលស្រុកអូររាំង មានកិត្តិយស សូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះ មានបណ្តាគេហទំព័រព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម Facebook បានចុះផ្សាយពាក់ព័ន្ធករណី អភិបាលរងស្រុកអូររាំងម្នាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់មេបញ្ជាផ្នែកការសឹករងស្រុក និងអធិការស្រុកអូររាំង តាមដងផ្លូវ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចមុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
ពាក់ព័ន្ធជាមួយករណីខាងលើ រដ្ឋបាលស្រុកអូររាំង បានកំពុងរៀបចំសំណើ ដើម្បីគោរពជូន ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ពិនិត្យ និងសម្រេច ដាក់វិន័យរដ្ឋបាលចំពោះបុគ្គល ដែល មានកំហុសឆ្គងខាងលើ ។ ចំពោះ អាវុធត្រូវបានដកហូត និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ។

សូមរំលឹកថា អភិបាលរងស្រុកអូររាំង និងជាប្រធានលេខាធិការដ្ឋានបង្ត្រាបបទល្មើស ស្រវឹងខ្លាំងលែងស្គាល់គ្នីគ្នា រហូតដល់ដកកាំភ្លើងប្រុងបាញ់មេទាហានស្រុក និងអធិការនគរបាលស្រុក កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុច មុខសាលាឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តែទើបបែកធ្លាយនាថ្មីៗនេះ។
មេបញ្ជាការមូលដ្ឋានកងទ័ពស្រុកអូររាំងលោក ខាត់ សាក់ បានឲ្យដឹងថា អភិបាលរងស្រុក ឈ្មោះ សុខ សុវណ្ណារិទ្ធ បានបើកឡានដេញខ្លួនពីក្រោយ និងបញ្ជាឲ្យឈប់ ព្រមទាំងដកកាំភ្លើ.ងខ្លីភ្ជង់មកលើរូបគាត់ ថែមទាំងប្រើពាក្យប្រមាថផ្សេងៗទៀតផង។
បន្ទាប់ពីមានហេតុការណ៍នេះឡើងលោកអភិបាលស្រុកអូររាំងបានបញ្ជាឲ្យលោកអធិការស្រុកអូររាំង ចុះទៅអន្តរាគមន៍សម្របសម្រួល តែក៏ត្រូវលោកសុខ សុវណ្ណារិទ្ធ រេកាណុងកាំភ្លើងភ្ជង់លោកអធិការ។
ទាក់ទងបញ្ហាខាងលើ លោក សុខ សុវណ្ណារិទ្ធ កាលពីរសៀលថ្ងៃទី ១៧ កុម្ភៈ បានអះអាងប្រាប់អ្នកសែតថា នោះជាការយល់ច្រឡំ ។ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯង ដោយខាងខ្ញុំមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើង ដូច្នេះខាងប៉ូលីសគេសុំដកយកទៅរក្សាទុកសិន ហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ ។
ក្រោយកើតហេតុបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៦ លោក សុខ សុវណ្ណារិទ្ឋ អភិបាលរងស្រុកអូររាំង បានបង្ហោះរូបភាពក្នុងបណ្តាញសង្គម និងសរសេរថា « ខ្ញុំនៅផ្ទះធម្មតា ១៦ ០២ ២០២៤ » ៕



You must be logged in to post a comment.