Thu. Apr 18th, 2024

គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាសហគមន៍ឱ្យរួចផុតពីភាពក្រីក្រ និងជួយបង្កើតរបរបន្ថែមដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ឱ្យទទួលបានចំណូលខ្ពស់៕

You missed