ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង ជូនដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៥សរុប៦៩៣នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែងនៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង។
ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ បទល្មើសជាក់ស្តែងគឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្តនិងទើបតែប្រព្រឹត្តភ្លាមៗ រួមមានបទឧក្រិដ្ឋឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា៖ ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង គឺយើងត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយនិងសម្ភារៈ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។កម្លាំងបង្រ្កាបត្រូវទាមទារឲ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ បំពាក់ដោយមធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ។
ឯកឧត្តមស្នងការ ក៏បានណែនាំ រាល់ការដឹកនាំកម្លាំងប្រតិបត្តិការទទួលបានជោគជ័យ ១.ត្រូវចេះរៀបចំផែនការសកម្មភាព ការងារ ២.ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ២. ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ ៤. ត្រូវមានឆន្ទៈធ្វើការងារ និង៥. ត្រូវស្មោះត្រង់វិជ្ជាជីវៈ។
ឯកឧត្តមស្នងការ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន៨លានជូនដល់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា០៤លានរៀល និងសិក្ខាកាមនគរបាល០៤លានរៀល៕
You must be logged in to post a comment.