Tue. Dec 3rd, 2024

បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ» ត្រូវបានដាក់សម្ពោធជាផ្លូវការដោយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ដល់ លោកតា លោកយាយ អុំ ពូ មីង ប្អូនៗយុវជន ព្រមទាំងបានចូលរួមអបអរសាទរដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ចំពោះ

សមិទ្ធផលថ្មី នៃបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដែលមានអត្ថន័យដ៏ជ្រាលជ្រៅឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ ដោយបានបន្តការសិក្សានៅវត្តនាគវ័ន្ត រាជធានីភ្នំពេញ ហើយក្នុងពេលរស់នៅរាជធានីភ្នំពេញនេះហើយដែលសម្តេចតេជោ ហ៊ុន សែន បានស្នាក់អាស្រ័យ និងទទួលការមើលថែ ផ្គត់ផ្គង់ពីព្រះគ្រូ
ធម្មាចារ្យ គឹម ច្រែង។

ទន្ទឹមនេះ ឯកឧត្តម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយឧបត្ថម្ភ និងគាំទ្រ និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្តទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធដែលបានធ្វើឱ្យសមិទ្ធផលទាំងនេះបានលេចចេញជារូបរាងឡើង។

សមិទ្ធផលដែលកំពុងសម្ពោធនាពេលនេះ និងសមិទ្ធផលដទៃទៀត មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបានដោយលំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ ឈរលើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសតាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជានឹងបន្តរីកចម្រើនឆ្ពោះទៅមុខ ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ អាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និងសមិទ្ធផលនៃការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀត។

You missed