
រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលនៃប្រតិបត្តិការចុះត្រួតពិនិត្យតាមទីតាំងមួយចំនួនសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត ដោយឃាត់ជនបរទេសមួយចំនួន
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Scams online ដោយឃាត់ខ្លួនជនបរទេស និងដកហូតវត្ថុតាង និងសម្ភារមួយចំនួនទៀតផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង អគារកម្ពស់៤ជាន់ ៣៦បន្ទប់ មានជនបរទេស ១៨នាក់ប្រុស ២សញ្ជាតិ ឥណ្ឌូនេស៊ី ១២នាក់ និងម៉ាឡេស៊ី៦នាក់។
ក្រុមការងារបានបញ្ជូនជនបរទេសទាំង១៨នាក់ ទៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត។
ទន្ទឹមនឹងនេះលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី ក៏បានដឹកនាំក្រុមការងារចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការនគរបាលខេត្តដឹកនាំដោយ លោកសេនីយឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាប ១ទីតាំង និងធ្វើរដ្ឋបាលចំនួន ៤ទីតាំងដូចខាងក្រោម៖
*អគារ១ ទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ (រត់គេច ពីការបង្ក្រាប) ត្រួតពិនិត្យឃើញមាន តុ កៅអី មួយចំនួនបានដឹកទៅទុកនៅអគារសាងសង់នៅខាងក្រោយ និងមានទូរកុងតឺន័រចំនួន៤ សង្ស័យថាបំរើសេវាផ្លូវភេទ។ ក្រុមការងារបានសម្រេចបិទសៀល ១ទីតាំង ។
ធ្វើរដ្ឋបាល ៤ទីតាំង រកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី២៧៥នាក់ ស្រី៤០នាក់ ក្នុងនោះ៖
*ទីតាំងទី១៖ អគារកម្ពស់៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ មានជនបរទេស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
*ទីតាំងទី២៖ អគារកម្ពស់៧ជាន់ផ្ទាល់ដី ២៦បន្ទប់ មានជនបរទេសចំនួន៥៣នាក់ ស្រី១៣នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
*ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសចំនួន២៣នាក់ ស្រី៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
*ទីតាំងទី៤៖ មានកម្ពស់៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានជនបរទេសចំនួន៣៦នាក់ ស្រី៩នាក់ ជាជនជាតិឥណ្ឌូនេស៊ី ៕













You must be logged in to post a comment.