
ពលរដ្ឋ ៦៨ គ្រួសារ ក្នុងឃុំឈ្វាំង ស្រុកពញ្ញឮ បានលើកគ្នាមកតវ៉ារឿងអ្នកមានលុយមានអំណាច បានឃុបឃិតគ្នាចាក់ដីនិងសង់សំណង់ដែករឹង លើដីចំណីអូ របស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផល…
បន្ទាប់ពីពលរដ្ឋជាប្រមាណ ៦៨ គ្រួសារ លើកគ្នាមកតវ៉ា រឿងអ្នកមានលុយមានអំណាចម្នាក់បានឃុបឃិតគ្នាជាប្រព័ន្ធចាក់ដីនិងសាងសង់សំណង់ដែករឹង ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំណុច ទំនប់ទឹកព្រៃគោល ក្នុងភូមិព្រៃគោល និងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។
កាលពីថ្ងៃចន្ទទី១៨ ខែឧសភាឆ្នាំ ២០២៦ តំណាងប្រជាពលរដ្ឋចំនួន៥ រូបបានយកពាក្យបណ្ដឹងស្នើរអន្តរាគមន៍ មួយច្បាប់យកទៅដាក់នៅសាលាស្រុក ស្រាប់តែ មន្ត្រីនៅសាលាស្រុក មិនមានអ្នកចាំទទួលពាក្យបណ្ដឹង ប្រជាពលរដ្ឋបាននិងត្រឡប់មកផ្ទះវិញ ទាក់ទងតាមលេខទូរសព្ទទៅប្រធានរដ្ឋបាលស្រុក បានប្រាប់ប្រជាពលរដ្ឋឲ្យមកដាក់ពាក្យបណ្ដឹងចូលទៅសាលាឃុំឈ្វាំងដើម្បីធ្វើការដោះស្រាយ ។
កាលពីវេលាល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២៦ តំណាងរបស់ប្រជាពលរដ្ឋ៥នាក់ បានយកពាក្យបណ្ដឹងទៅដាក់នៅសាលាឃុំឈ្វាំង តាមការចង្អុលបង្ហាញរបស់លោកប្រធានរដ្ឋបាលស្រុកពញាឮ ប៉ុន្តែប្រជាពលរដ្ឋបានទៅដល់សាលាឃុំមានអ្នកទទួលបណ្ដឹង ក៏ប៉ុន្តែមិនបានវ៉ៃត្រាចូលទទួលនោះទេ ទើបប្រជាពលរដ្ឋយកលិខិតត្រឡប់មកវិញរង់ចាំដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦ ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅតែមិនទាន់មានអ្នកទទួលវ៉ៃត្រារច្រកចេញចូលតែមួយរបស់ឃុំនៅឡើយទេ បានឱ្យប្រជាពលរដ្ឋរង់ចាំអស់រយៈពេលមួយថ្ងៃទៀត ដោយក្រោមហេតុផលមេឃុំរវល់អីចេះរវល់អញ្ចុះ។
បើយោងតាមប្រជាពលរដ្ឋទាំង ៦៨ គ្រួសារបានលើកឡើងព្រមៗគ្នាផងដែរថា÷ នៅពេលដែលប្រជាពលរដ្ឋមានកិច្ចការងារដាក់លិខិត ឬពាក្យបណ្ដឹងចូលទៅក្នុងឃុំឈ្វាំងម្ដងៗ ប្រៀបបានដូចជាទៅសុំភ្លើងយក្សអញ្ចឹង នេះហើយមែនឬអាជ្ញាធរភូមិឃុំសង្កាត់បម្រើប្រជាពលរដ្ឋរបៀបរាល់ថ្ងៃនេះ ។
✓បើយោងតាមប្រភពពីប្រជាពលរដ្ឋទាំង ៦៨ គ្រួសារនោះបានបន្តថា ពួកគាត់បានមកពីភូមិចំនួនពីរគឺ÷ ភូមិតាពេជ និងភូមិព្រៃគោល ក្នុងគោលបំណងធ្វើការតវ៉ា ដីទំនប់ទឹក និងអូប្រព័ន្ធប្រឡាយរំដោះនិងស្តុកទឹករបស់រដ្ឋ ដើម្បីទុកជាសម្បត្តិរដ្ឋមកវិញ កុំឱ្យអ្នកមានលុយមានអំណាចឃុបឃិតគ្នាជាប្រព័ន្ធមកចាក់ដីរំលោភយក ស្រេចតែនឹងចិត្ត ខណៈពេលដែលអាជ្ញាធរ ក្នុងមូលដ្ឋាន បានស្ងាត់មាត់ដូចគេចុកបែបនេះ តើមានអ្វីនៅពីខាងក្រោយ បានជា ស្ងាត់ស្ងៀមដូច្នេះទៅវិញ ។
បើយោងតាមប្រជាពលរដ្ឋទាំង៦៨ គ្រួសារដដែលបានលើកឡើងព្រមៗគ្នាថា បន្ទាប់ពីអ្នកមានលុយមានអំណាចចាក់ដីរំលោភយក ដីប្រឡាយអូរបស់រដ្ឋរួចមក គេឃើញមានលោកអនុភូមិព្រៃគោល ម្នាក់ ឈ្មោះ គង់ កុយ បានមកដេកចង់អង្រឹងនិងមើលការខុសត្រូវ និងយកគ្រឿងចក្រនិងក្រុមជាងដែលសាងសង់សំណង់ដែករឹង ចំណុចទីតាំងខាងលើនេះ ពលរដ្ឋបានសួថា÷តើដីនេះអស់លោកបានទិញពីអ្នកណា? ហើយអស់លោកណាដែលជាអ្នកអនុញ្ញាតច្បាប់ នូវលិខិតទិញលក់ដីរបស់រដ្ឋ និងហ៊ានចេញប្លង់កម្មសិទ្ធិឲ្យអ្នកណាមានឈ្មោះអ្វីដែ ?
ស្របពេលដែលប្រជាពលរដ្ឋបានសួរនាំថា÷ តើអ្នកណាឲ្យមកចាក់ដីរំលោភលើដីប្រឡាយប្រព័ន្ធរំដោះទឹកនិងស្តុកទឹករបស់រដ្ឋបែបនេះ លោក គង កុយ អនុភូមិព្រៃគោលបានឆ្លើយថា÷ ដីរបស់គេមានប្លង់រឹង ខ្ញុំមិនដឹងទេ ទោះបីជាប្រជាពលរដ្ឋ បានឈ្លិចសួនាំលោកអនុភូមិឈ្មោះ គង់ កុយ យ៉ាងណាក្តី ក៏នៅតែឆ្លើយថា មិនដឹងជារៀងរហូត។
ប្រជាពលរដ្ឋបានដាក់ជាសំណួរថា÷ បើក្នុងនាមអាជ្ញាធរឆ្លើយថាមិនដឹង តើអ្នកណាដែលជាអ្នកដឹងនោះ ក្រែងមេភូមិនិងអនុភូមិមើលប្រជាពលរដ្ឋក្នុងភូមិ ឬមួយមើលផ្លូវការពារឲ្យតែអ្នកមានលុយមានអំណាចនៅក្នុងភូមិ?
ប្រជាពលរដ្ឋក៏បានបន្តធ្វើការសួរនាំទៅលោក សេង ចាន់ ជំទប់ឃុំទី១ ឃុំឈ្វាំង លោកបានឆ្លើយប្រាប់ប្រជាពលរដ្ឋថា ខ្ញុំមិនដឹងទេ ។ ពលរដ្ឋបានលើកឡើងថា ចុះបើអាជ្ញាធរភូមិឃុំឆ្លើយថាមិនដឹងនោះ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វីទៅថ្ងៃខាងមុខ ក្នុងនាមអាជ្ញាធរភូមិឃុំ គឺជាអ្នកមើលថែប្រជាពលរដ្ឋដូចម៉ែដូចឪនៅក្នុងមូលដ្ឋានរបស់ខ្លួន មិនមែននិយាយយកតែរួចខ្លួននោះទេ ស៊ីប្រាក់ខែរដ្ឋត្រូវតែមើលថែរាស្រ្ត
នេះហើយមែនទេអាជ្ញាធរភូមិឃុំខ្ញុំ បម្រើប្រជាពលរដ្ឋ ប្រហែលជាអាជ្ញាធរភូមិឃុំបានភ្លេចខ្លួនហើយមើលទៅ នូវប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចធ្លាប់បានលើកឡើងផងដែរថា អាជ្ញាធរ ក្រុមប្រឹក្សាឃុំ ត្រូវតែ មើលថែប្រជាពលរដ្ឋឲ្យបានល្អ និងអភិក្រមទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ជាពិសេសប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចបានលើកឡើងផងដែរថា វាគ្មានតម្លៃដីឯណា ដែលមានតម្លៃជាងដីអនាគតរបស់យើងនោះទេ។
ប្រជាពលរដ្ឋទាំង 68 គ្រួសារនៅតែបន្តទទូចស្នើសុំដល់ លោក ថន សុវណ្ណា អភិបាលនៃគណៈអភិបាលស្រុកពញាឮ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាលោកទាំងទ្វេ បានពិនិត្យនៅ ចំណុចទីតាំងដី ចំណីអូប្រឡាយរំដោះទឹករបស់រដ្ឋ នេះផងទាន កុំឱ្យចេះតែ អ្នកមានលុយមានអំណាច ចេះតែមកបំពានឥន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ចំណែកមន្ត្រីក្នុងមូលដ្ឋានរបស់ខ្លួន សម្ងំពូនយកតែអាត្មាឆ្លើយថាមិនដឹងជារៀងរហូត នៅពេលដែលប្រជាពលរដ្ឋត្រូវការសួរនាំតវ៉ាឆ្លើយថា ចាំសួរថ្នាក់លើសិន។
– រាល់ការចុះផ្សាយនូវអត្ថបទខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីមន្ត្រីភាគីពាក់ព័ន្ធថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ស្រុក ខេត្ត រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីពីច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា។












You must be logged in to post a comment.