
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលជូនវិនិយោគិន ដែលបានចាត់ទុកវិស័យ ឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន និងជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់ សេវាគាំទ្រ ធានាដល់ការធ្វើអាជីវកម្មនិងការវិនិយោគប្រព្រឹត្តទៅដោយរលូន។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន Pengbo Group ដឹកនាំដោយ លោក Liu Peng អគ្កនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបអំពីបច្ចុប្បន្នភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការវិនិយោគ ក្នុងជំហានបន្តបន្ទាប់នាពេលអនាគត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូក្រុមហ៊ុន Pengbo Group និងបាន វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន រុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូ មិនអាចខ្វះបាន ព្រមទាំងបញ្ជាក់ជាថ្មីនូវជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់សេវាគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិន ទាំងអស់ ធានាធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមា ផ្លែផ្កាខ្ពស់បំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចចម្បងរបស់វិនិយោគិន ក្នុងការចូលរួមថែរក្សានិងការពារ បរិស្ថាន នៅតាមបណ្តាទីតាំងដែលខ្លួនទទួលបានសិទ្ធិវិនិយោគ ដោយចាត់ទុកការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព គឺជាអ្វីដែល មិនអាចខ្វះបាន។
ជាការឆ្លើយតប លោក Liu Peng បានសម្តែងនូវការឯកភាពយ៉ាងពេញទំហឹង និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុង ការគោរពតាមបទប្បញ្ញត្តិបរិស្ថានជាធរមាន បញ្ហានេះ, ក្រុមហ៊ុននឹងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការថែរក្សា ការពារ និងលើកកម្ពស់ សោភ័ណភាពបរិស្ថាននៅក្នុងទីតាំងដែលខ្លួនកំពុងវិនិយោគ ដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់បំផុត ប្រៀបបាននឹងការ ថែទាំលំនៅស្ថានផ្ទាល់ខ្លួនរបស់ខ្លួនដូច្នោះដែរ៕អត្ថបទ៖ សុន រ៉ាឌី





You must be logged in to post a comment.