
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២១ និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានបន្តការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តិ Online Scams នៅទីតាំងផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជាង៥០នាក់ ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងផែនការងារសន្តិសុខ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ៖ នេះជាប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចជំនាញ ដោយបានរកឃើញថា ទីតាំងនេះ មានក្រុមឧក្រិដ្ឋជនកំពុងប្រព្រឹត្តិបទល្មើសឆបោក Scams Online កម្លាំងសមត្ថកិច្ចបានបើកការចុះបង្ក្រាបភ្លាមតែម្តង ដោយក្រុមទាំងនេះ បានជួលទីតាំងផ្ទះសំណាក់ដើម្បីជ្រកកោន។
ក្នុងការបង្ក្រាបកម្លាំងអាជ្ញាធរ បានឃាត់ជនបរទេសសរុបជាង៥០នាក់ និងបានដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំទៀតផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំចាត់វិធានការទៅតាមនីតិវិធីច្បាប់ ៕ រូបភាពនិងអត្ថបទ៖ កុម្ភៈ





You must be logged in to post a comment.