Thu. Mar 26th, 2026

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦។ សន្និបាតនេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពរដ្ឋបាលតុលាការនៅទូទាំងប្រទេស និងតំណាងស្ថាប័នអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធរួមមាន អង្គភាពប្រឆាំងអំពើពុករលួយ, អគ្គស្នងការដ្ឋាននគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណ ៥០០ រូប។

សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃវិស័យយុត្តិធម៌, ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមជាមូលដ្ឋាននៅក្នុងវិស័យនេះ និងដាក់ចេញនូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើប្រជាជន, ដោះស្រាយបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ និងរួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធ។

នៅក្នុងសន្និបាតវិស័យយុត្តិធម៌ឆ្នាំនេះ អង្គសន្និបាតនឹងស្តាប់នូវបទបង្ហាញសំខាន់ៗចំនួន ៦ រួមមាន៖ (ទី១)-របាយការណ៍លទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥, (ទី២)-លទ្ធផលនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ, (ទី៣)-ការគ្រប់គ្រងថវិកាក្នុងបរិបទគណនេយ្យភាពសមិទ្ធកម្ម, (ទី៤)-បញ្ហាប្រឈមនៅក្នុងរដ្ឋបាលតុលាការ (ទី៥)-ការលើកកម្ពស់ប្រសិទ្ធភាព និងសុក្រឹតភាពនៃទិន្នន័យថ្កោលទោសជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈរបស់ប្រជាពលរដ្ឋ និង (ទី៦)-កិច្ចការតម្កល់ និងការគ្រប់គ្រង និងការចាត់ចែងនូវវត្ថុចាប់យក ឬវត្ថុតាង។

បន្ថែមពីនេះ, អង្គសន្និបាតនឹងពិភាក្សាគ្នាលើប្រធានបទសំខាន់ៗចំនួន ៣ ទៀត រួមមាន៖ (ទី១)-សុពលភាពនៃកិច្ចសន្យាទិញលក់អចលនវត្ថុ, (ទី២)-បញ្ហាប្រឈមនៅក្នុងសំណុំរឿងអនុវត្តដោយបង្ខំ, និង (ទី៣)-ក្របខ័ណ្ឌនៃការដាក់វិន័យសម្រាប់អង្គចៅក្រម។ អង្គសន្និបាត នឹងដាក់ចេញនូវសេចក្តីសម្រេចចិត្តរួម ដើម្បីដោះស្រាយបញ្ហាក្នុងប្រធានបទពិភាក្សាទាំងនេះ ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តដែលអាចធានាបាននូវសង្គតិភាព និងការឯកភាពគ្នាលើការអនុវត្តច្បាប់ក្នុងចំណោមអ្នកអនុវត្តច្បាប់ទាំងអស់។

error: Content is protected !!