កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវសរុបចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការនគរបាលជាតិ ដឹកនាំបញ្ជាដោយ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន។ នេះបើតាមការបញ្ជាក់របស់មន្ទីរប្រឆាំងគ្រឿងញៀន។
ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែននេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) (ក៤)និង(ក១) និងការចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យជាជនបរទេសទាំង៣នាក់ រួមមាន៖ ជនជាតិឡាវម្នាក់ និងជនជាតិថៃចំនួន២នាក់។
ដោយឡែក ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់បានជាសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ចំនួន១០១កញ្ចប់ ស្មើប្រមាណជាង១០០គីឡូក្រាម(ទម្ងន់សុទ្ធ១០១គីឡូ និង៤៤៩.២០ក្រាម)។
បច្ចុប្បន្នជនសង្ស័យជាជនបរទេសទាំង៣នាក់ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
You must be logged in to post a comment.