
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បងប្អូនខ្មែរ ឥស្លាមស្វែងយល់ឱ្យបានច្បាស់ ពិធីបុកល័ក្ដ ក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ និងថា កម្ពុជា គ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តាមរយៈបណ្តាញសង្គមតេឡេក្រាម បានឱ្យដឹងនៅយប់រំលងអធ្រាតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឈានចូលថ្ងៃទីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ យ៉ាងដូច្នេះថា៖
ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍វិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវ ចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរ លង់មកហើយ។
ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជា ការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍ និងសាសនា។
បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមកខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន ៥នាក់ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។
កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដដែលមាន អ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍
និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនូវពេលសេះចេញផុតពីក្រោល៕


You must be logged in to post a comment.