
នគរបាលចរាចរណ៍ផ្លូវគោក ៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្ដីបារម្ភចម្បងរបស់រាជរដ្ឋាភិបាល ខណៈគ្រោះថ្នាក់ចរាចរណ៍បន្តឆក់យកជីវិតមនុស្សរាល់ថ្ងៃ
ពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចរណ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាល បានបន្ធួរបន្ថយការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អំឡុងពេលរងការឈ្លានពានពីប្រទេសថៃ។ ហើយអំឡុងពេលបន្ធួរបន្ថយការត្រួតពិនិត្យនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង មានចំនួនច្រើន ដោយគ្រាន់តែគិតត្រឹមរយៈពេល ៣១ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងដល់ ៤២លើក ស្មើ ១៩ភាគរយ អ្នកស្លាប់កើនដល់ ២៥នាក់ ស្មើនិង១៨ភាគរយ និងអ្នករបួសកើនដល់ ៦៤នាក់ ស្មើនិង២៣ភាគរយ។ យោងតាមតួលេខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសពីការចាប់ផ្ដើមអនុវត្ត ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈនេះតទៅ។
តាមប្រសាសន៍របស់ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយករដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណ នៃក្រសួងមហាផ្ទៃ បានថា តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន កើតឡើងព្រោះការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ដោយមិនប្រុងប្រយ័ត្ន ស្រវឹង មិនគោរពសញ្ញាចរាចរណ៍ជាដើម។
យោងតាមសេចក្ដីប្រកាសរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា និងផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២០-២០៣០ ឱ្យសម្រេចបាន ជោគជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាពនិងសណ្ដាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបាន ជាអតិបរមានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ។ អគ្គស្នងការដ្ឋាននគរបាលជាតិ មានសង្ឃឹមនិងជឿជាក់ថាគ្រប់ក្រសួង ស្ថាប័នទាំងក្នុងវិស័យ សាធារណៈ ឯកជន សង្គមស៊ីវិល និងសាធារណជនគ្រប់រូបដែលជាអ្នកប្រើប្រាស់ផ្លូវ នឹងចូលរួមចំណែកយ៉ាង សកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ដើម្បីកាត់បន្ថយនូវព្យសនកម្ម ផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមផែនការដែលបានគ្រោងទុក និងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរ ក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ និងស្របតាមពាក្យស្លោក “ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ” ៕





You must be logged in to post a comment.