
រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ កម្ពុជា មានមន្ត្រីសុខាភិបាល និងអ្នកធ្វើការងារស្ម័គ្រចិត្ត ជាង៣៥.០០០នាក់ នៅទូទាំងប្រទេស ដើម្បីបម្រើសេវាជូនពលរដ្ឋ
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល មានមន្ត្រីសុខាភិបាលជាង ៣០.០០០នាក់ ហើយបើបូកនឹងអ្នកធ្វើការងារស្ម័គ្រចិត្តផងនោះ គឺមានជាង ៣៥.០០០នាក់ បានដាក់ពង្រាយនៅទូទាំងប្រទេស ក្នុងការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។
មានប្រសាសន៍លើកឡើង ក្នុងពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ រយៈពេល២ថ្ងៃ, លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងនាមជាជំនួយការឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យសុខាភិបាល ឯកឧត្តម មានមោទនភាពដោយសារការដឹកនាំ និងកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ នៅទូទាំងប្រទេសនោះ ធ្វើឱ្យកម្ពុជាមានភាពរឹងមាំ និងភាពធន់ក្នុងវិស័យសុខាភិបាល។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា កិច្ចការសុខាភិបាលគឺពិតជាជាប់ពាក់ព័ន្ធទៅនឹងសង្គម សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី សាសនា។ល។ ដូច្នេះហើយតោងមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍បួនសំខាន់ ដែលមន្ត្រីសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការស្ថិតនៅក្នុងគន្លងនោះគឺ៖ ទី១. ប្រសិទ្ធភាពតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេ គឺទាមទារឱ្យមានស័ក្តិសិទ្ធភាពបន្ថែម ។ ទី២. គុណភាពនៃការងារប្រចាំថ្ងៃរបស់មន្ត្រីសុខាភិបាល គ្រូពេទ្យ គឺត្រូវតែមានសុវត្ថិភាព ព្រោះបើមិនមានសុវត្ថិភាព គឺមិនរាប់ថាជាគុណភាពនោះទេ។ ទី៣. បញ្ហានវានុវត្តន៍ ដែលនវានុវត្តន៍ត្រូវការនូវសមធម៌ ដែលសូមឱ្យអ្នកធ្វើការងារនៅក្នុងសេវាសុខាភិបាលទាំងអស់ ធ្វើការងារប្រចាំថ្ងៃព្យាយាមគិតដល់សមធម៌ និង ទី៤. គឺភាពធន់នៅក្នុងវិស័យសុខាភិបាល ក្នុងនោះគឺស្មារតី និងសុឆន្ទៈ គឺជារឿងសំខាន់បំផុត។









You must be logged in to post a comment.