
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជូនដំណើរមន្រ្តី (Send-Off Program) ដល់មន្រ្តីរាជការសរុប៦០នាក់ នៅស្ថានទូតឥណ្ឌា

នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតីក្នុងកម្មវិធីជូនដំណើរមន្រ្តី (Send-Off Program) ដែលនឹងត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ចៅក្រម និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សរុប២០នាក់ នៅបណ្ឌិតសភាយុត្តិធម៌ជាតិ នៅទីក្រុងបូហ្វាល និងកម្មវិធីដោយឡែកមួយទៀតសម្រាប់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈចំនួន៤០រូប នៅមជ្ឈមណ្ឌលជាតិសម្រាប់អភិបាលកិច្ចល្អ នៅទីក្រុងដេរ៉ាដុន ប្រទេសឥណ្ឌា។
កម្មវិធីនេះ មានការទទួលស្វាគមន៍ពីឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា Vanlalvawna Bawitlung និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការដែលនឹងត្រូវចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានលើកឡើងពីចំណាប់អារម្មណ៍ និងអបអរសាទរ ក៏ដូចជាការផ្តាំផ្ញើជូនដល់មន្រ្តីរាជការទាំងអស់ដែលនឹងត្រូវចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលទាំងពីរវគ្គនេះ ហើយក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៥-២០២៦ នេះ តាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា។





You must be logged in to post a comment.