Tue. Dec 9th, 2025

ពោធិ៍សាត់៖ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក មកពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងមានសុវត្តិភាព ក្នុងទីប្រជុំជនស្រុកវាលវែង។

បើតាម លោក ធាង ឡេង អភិបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីឃុំថ្មដា សរុបមានប្រមាណ៣៧៣៦នាក់ ស្មើរនិង៩០០គ្រួសារ ។ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តម ខូយ រីដា ជាអភិបាលខេត្ត អាជ្ញាធរខេត្តពោធិ៍សាត់ និងអាជ្ញាធរស្រុកវាលវែង បានរៀបចំទីតាំងមានសុវត្ថិភាពចំនួន២កន្លែង និងបានជួយអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋដែលប្រឈមខ្លាំង មកកាន់ទីតាំងមានសុវត្ថិភាព ដោយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក កំពុងស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព សរុបមានចំនួន១៧៧៩នាក់ ក្នុងនោះមនុស្ស្រីមានចំនួន៩៣១នាក់ សិស្សានុសិស្សចំនួន៣៨៩នាក់ ស្រ្តីមានផ្ទៃពោះចំនួន៩នាក់ និងមនុស្សអាយុក្រោម១៥ឆ្នាំមាន៦០៤នាក់ ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកថា ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា គោរពជានិច្ចនូវកិច្ចព្រមព្រៀងសន្តិភាព កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមនោះទេ តែបើមានការរំលោភឈ្លានពាន ភារកិច្ចចំបងនិងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺ: ១. ការពារប្រជាជន ២. ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នេះបើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយសម្តេចសូមគ្រប់ក្រសួងស្ថាប័ន អជ្ញាធរគ្រប់លំដាក់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាដើម្បីបុព្វហេតុជាតិ មាតុភូមិក្នុងដំណាក់កាលដ៏លំបាកនេះ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យក្រុមការទទួលជនភៀសសឹកធានាឲ្យបាននូវ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅតាមទីតាំងសុវត្ថិភាព បំពេញតាមតម្រូវការផ្សេងៗ សម្រាប់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកស្នាក់នៅ៕

You missed

error: Content is protected !!