Sun. Oct 5th, 2025

កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការអ្នកប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ  (ក.ប.ប) បានឱ្យដឹងថា÷

នៅព្រឹកថ្ងៃ អាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ នេះ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យផលិតផលសាច់បង្កក ក្លាសេ នាំចូល ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញនៅក្នុងទីតាំងចំនួន ៣ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធរួមមាន មន្រ្តីនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពេទ្យសត្វ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៣។ 

មន្រ្តីជំនាញ ក.ប.ប. បានធ្វើការដកយកសំណាកគំរូមកវិភាគនៅនឹងកន្លែងជាមួយមន្ទីរពិសោធន៍ចល័ត ស្វែងរកសារធាតុគីមីហាមឃាត់តាមរយៈប្រតិករគីមី (Test Kit) សរុបចំនួន ៣៣ គំរូ ជាលទ្ធផល មិនមានការកំណត់ឃើញសញ្ញាណសារធាតុគីមីហាមឃាត់ឡើយ។ ទន្ទឹមនេះ យើងបានដកយកសំណាកផលិតផលចំនួន ៣៦គំរូ បញ្ជូនទៅមន្ទីរពិសោធន៍កណ្តាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីស្វែងរកសំណល់ថ្នាំកសិកម្ម មេរោគ និងសារធាតុហាមឃាត់ផ្សេងទៀតនៅលើផលិតផល។ 

នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនេះមន្រ្តីជំនាញ បានរកឃើញនូវភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មាន កង្វះអនាម័យផ្នែកមួយចំនួន ក្នុងទីតាំងទូរបង្កក ក្លាសេ សីតុណ្ហភាពមិនសមស្រប និងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពផលិតផល ដែលតម្រូវឱ្យមានការកែលម្អ និងកែតម្រូវឡើងវិញ។ 

ដោយរង់ចាំលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ មន្រ្តីយើងបានធ្វើការសៀលឃ្លុំបេផលិតផលផ្អាកចរាចរជាបណ្តោះអាសន្ននៅក្នុងទីតាំងទាំង៣ សរុបចំនួន ០៧ទូរ។ 

អគ្គនាយកដ្ឋាន ក.ប.ប. ត្រៀមលក្ខណៈរួចស្រេចទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ក្នុងការផ្តល់ព័ត៌មាន ឬធ្វើបណ្តឹង គ្រប់ពេលវេលា រួមទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកផ្សេងៗ។

សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ និងទូរសព្ទដៃលេខ ០៩៧ ៥៩៩៩ ២៦៦។ សូមអរគុណ។

You missed